នៅខេត្តស្វាយរៀង ដោយៈវ៉ៃកូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធទី២៥ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលនិងប្រគល់រង្វាន់ម៉ូតូ ជូនដល់សិស្សប្រឡងជាប់និទ្ទេស A ចំនួន ១៧ រូបនៅខេត្តស្វាយរៀង ក្នុងការប្រឡងសញ្ញាបត្រមធ្សមសិក្សាទុតិយភូមិ ឆ្នាំ២០២២នៅសាលប្រជុំសាលាខេត្តស្វាយរៀង ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទាន ជាមួយរដ្ឋបាលខេត្តក្នុងការផ្តល់ជូននូវរង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស
A និងសូមចូលរួមអបអរសាទរ ជាមួយមាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស ទាំង១៧រូប ដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ។

លោកបានបន្តថាៈ ក្នុងនាមអាជ្ញាធរខេត្ត ពិតជាមានការកោតសរសើរ និងមានមោទកភាព បើទោះកំឡុងពេលសិក្សា បានជួបនឹងបញ្ហាប្រឈម ដោយសាវិបត្តិនៃជំងឺកូវីដ ១៩ ក៏យើងសង្កេតឃើញថា តាមរយៈលទ្ធផលប្រឡង ខេត្តរបស់យើងក៏នៅតែទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណជាង ៧០% និងទទួលបាននិទ្ទេស A ចំនួន ១៧នាក់ដោយមានមាតាបិតា អាណាព្យាបាលសិស្ស ដែលបានលើកទឹកចិត្តជំរុញតាមដាននិងចូលរួមគាំទ្រ គ្រប់សកម្មភាពទាំងឡាយ នៃការសិក្សារបស់ កូនចៅរបស់ខ្លួនក្នុងនោះគណៈគ្រប់សាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្ស នៅក្នុងស្ថានភាពដ៏លំបាក ទាំងដោយផ្ទាល់ផងទាំងអនឡាញផង ឲ្យទទួលបានលទ្ធផល ដ៏ល្អប្រសើរបែបនេះ ។

ក្រោយពីបានផ្តល់មតិផ្តាំផ្ញើមួយចំនួន ដល់ក្មួយៗសិស្សានុសិស្សរួចមកលោកអភិបាលខេត្ត បានប្រគល់រង្វាន់សម្រាប់សិស្សនិទ្ទេស A ទាំង ១៧ នាក់ក្នុងម្នាក់ៗ ទទួលបានម៉ូតូ ហុងដា Wave ស៊េរីឆ្នាំ២០២២ ចំនួន ១គ្រឿងនិងថវិកា ១០ ម៉ឺនរៀល ។ ដោយឡែក លោកប្រធានការិយាល័យអប់រំក្រុង ស្រុកទាំង៦ ម្នាក់ៗ ទទួលបានថវិកា ១០ ម៉ឺនរៀល, លោកនាយកវិទ្យាល័យ ទាំង១១ម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល ៕ V / N