ដោយៈ សុផល / ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវ តភ្ជាប់ពីខេត្តបាត់ដំបង ទៅខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ និងខេត្តកោះកុង ប្រវែងសរុបចំនួន ១៩៧ គីឡូម៉ែត្រ សម្រេចបាន ចំនួន ៦៩ ភាគរយ ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២៤។ នេះបើតាមអភិបាលខេត្តបាត់ដំបង លោក សុខ លូ លើកឡើងក្នុងសន្និសីទ សារព័ត៌មាន ស្តីពីភាពជោគជ័យរយៈពេល ៥ ឆ្នាំ របស់ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកអភិបាលខេត្ត បានឱ្យដឹងថា៖ គម្រោងផ្លូវតភ្ជាប់ប្រវែងជិត ២០០គីឡូម៉ែត្រនេះ នឹងឆ្លងកាត់ពីសំឡូត កាត់តាមវាលវែង អូរសោមសមុទ្រខេត្តព្រះសីហនុ រហូតដល់ខេត្តកោះកុង។ អ្នកពីខេត្តឧត្តរមានជ័យ ព្រះវិហារខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ដែលចង់ទៅលេងកំពង់សោម ឬកោះកុងគឺងាយស្រួលណាស់ ទៅតាមផ្លូវសំឡូត តែពីបាត់ដំបង ទៅតែ ១៩៧ គីឡូម៉ែត្រ។

លោកបានបន្តថាៈ ជាមួយនេះ ខាងខេត្ត កំពុងតែសិក្សាអំពីគម្រោងកសាងផ្លូវកាត់តភ្ជាប់ពីខេត្តសៀមរាប ទៅខេត្តបាត់ដំបង ប្រវែង ៧៤ ម៉ែត្រ។ បើផ្លូវនេះធ្វើហើយពីសៀមរាប ទៅបាត់ដំបង ចំណាយពេលតែមួយម៉ោងប៉ុណ្ណោះ៕/V-PC