ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ អាម៉េរិកត្រូវបានសន្មត់ជាកន្លែងសុវត្ថិភាពសម្រាប់លោក យ៉ូសេ រ៉ូម៉េរ៉ូ (Jose Romero)នៅពេលដែលលោកបានមកដល់កាលពីពីរឆ្នាំមុនដើម្បីធ្វើការនៅកសិដ្ឋានមួយនៅរដ្ឋកាលីហ្វ័រញ៉ាជាមួយជនអន្តោប្រវេសន៍ផ្សេងទៀតមកពីម៉ិកស៊ិកនិងចិន។
លោករ៉ូម៉េរ៉ូត្រូវបានសម្លាប់កាលពីថ្ងៃចន្ទដោយខ្មាន់កាំភ្លើងម្នាក់ ដែលបាញ់សម្លាប់គាត់រួមទាំងកម្មករកសិដ្ឋាន៦នាក់ផ្សេងទៀតនៅទីក្រុងហាហ្វមូនបេ (Half Moon Bay)ដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុងសាន់ហ្វ្រានស៊ីស្កូ។ សូម្បីតែនៅក្នុងប្រទេសដែលល្បីខាងអំពើហិង្សាដោយកាំភ្លើងក៏ដោយ ក៏ការបាញ់ប្រហារនេះនៅតែមានភាពភ្ញាក់ផ្អើលខ្លាំងដោយបានកើតឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ទៀតបានបើកការបាញ់ប្រហារនៅឯសាលរាំមួយក្នុងទីក្រុងម៉ុនធឺរ៉េផាក (Monterey Park) ជាតំបន់រស់នៅរបស់ជនជាតិអាស៊ីនៅខាងក្រៅទីក្រុងឡូសអ៊ែនជើឡេស។
សរុបមក មនុស្ស ១៨ នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារពីរលើកផ្ទួនៗ ដែលបានអង្រួនសហគមន៍ជិតគ្នាទាំងពីរ ដែលតែងតែទាក់ទាញជនអន្តោប្រវេសន៍ដែលស្វែងរកឱកាសការងារ។
បងប្អូនជីដូនមួយរបស់លោករ៉ូម៉េរ៉ូ គឺលោក យ៉ូសេ ជូអារ៉េស (Jose Juarez) បាននិយាយកាលពីថ្ងៃអង្គារទី២៤មករាថា “អ្នកសម្លឹងធ្វើឱ្យជីវិតប្រសើរឡើង ហើយបន្ទាប់មកអ្នកបែរជាមកជួបរឿងដូច្នេះនៅទីបំផុត”។
ការដែលប៉ូលីសនិយាយថាការវាយប្រហារនេះត្រូវបានធ្វើឡើងដោយជនវាយប្រហារដែលស្គាល់គ្នានៅក្នុងសហគមន៍ ឈ្មោះថា ហ៊ូ កាន់ចាន់ (Huu Can Tran) អាយុ ៧២ ឆ្នាំដែលឧស្សាហ៍ទៅស្ទូឌីយ៉ូរាំនៅម៉ុនធឺរ៉េផាក និងឈ្មោះ ជុនលី ចាវ (Chunli Zhao)អាយុ ៦៦ ឆ្នាំ ដែលធ្វើការនៅកសិដ្ឋាននៅហាហ្វមូនបេ បានត្រឹមតែបន្ថែមអារម្មណ៍ភ័យខ្លាចក្នុងចំណោមក្រុមជនអន្តោប្រវេសន៍ដែលបានក្លាយជាគោលដៅនៃវោហាសាស្ត្រប្រកាន់ពូជសាសន៍ និងការវាយប្រហារនៅក្នុងសហរដ្ឋអាម៉េរិកប៉ុណ្ណោះ។
ជនអន្តោប្រវេសន៍អាស៊ី ៣២ ភាគរយ និង អាម៉េរិកឡាទីន ២៣ ភាគរយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា ពួកគេ “ព្រួយបារម្ភយ៉ាងខ្លាំង”អំពីការក្លាយជាជនរងគ្រោះនៃអំពើហិង្សាកាំភ្លើងនៅក្នុងមណ្ឌលក្មេងចិញ្ចឹមរបស់ពួកគេ ពោលគឺខ្ពស់ជាងបីដងនៃកម្រិតនៃការភ័យខ្លាចដែលបានរាយការណ៍ដោយមនុស្សដែលកើតនៅក្នុងសហរដ្ឋអាម៉េរិក។ នេះបើយោងតាមទិន្នន័យប្រមូលបានដោយសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ក្នុងក្រុងឡូសអ៊ែនជើឡេស និង ចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការសម្លាប់រង្គាលនេះបានបង្កើនការព្រួយបារម្ភសម្រាប់មនុស្សមួយចំនួនផងដែរ។
លោក អង់តូនីញ៉ូ ប៉េរ៉េស (Antonio Perez) ដែលឥឡូវនេះរស់នៅក្នុងទីក្រុងហាហ្វមូនបេ បន្ទាប់ពីផ្លាស់ពីម៉ិកស៊ិកក្នុងឆ្នាំ ១៩៨៣ បាននិយាយថាគាត់មានអារម្មណ៍ជាប់គាំងរវាងអំពើហិង្សារបស់ក្រុមជួញដូរគ្រឿងញៀននៅក្នុងប្រទេសកំណើតរបស់គាត់និងអំពើហិង្សាកាំភ្លើងនៅសហរដ្ឋអាម៉េរិក។
លោកប៉េរ៉េសបាននិយាយដោយគ្រវីក្បាលថា “យើងមិនដែលរំពឹងមានភាពធ្ងន់ធ្ងរបែបនេះនៅទីនេះទេ។ ពិតជាសោកនាដកម្មមែន”៕
មនុស្សចូលរួមកាន់ទុក្ខជនរងគ្រោះនៅទីក្រុងម៉ុនធឺរ៉េផាក