ដោយៈ វ៉ៃកូ / ស្ទឹងត្រែង៖ លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ តំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។

សូមជម្រាបជូនថា យោងប្រកាសលេខ០០២ ដនស/ប្រក ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ស្តីពីការសម្រួលភារកិច្ចមន្ត្រីរាជការ ចំនួន ២ រូប មានដូចជា
១.លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ទៅជាប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង។
២.លោក ម៉ិញ ស៊ីចាយ ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង ទៅជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ចូលរួម អបអរសាទរ ចំពោះលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង ដែលត្រូវប្រកាសចូលកាន់ មុខតំណែងនៅថ្ងៃនេះ និងបានកោតសរសើរ ចំពោះលោក មុិញ សុីចាយ ដែលក្នុងរយៈពេល ៦ ឆ្នាំ បម្រើការងារជាមន្រ្តីសុរិយោដី ក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង ទទួលបានលទ្ធផលល្អ។

លោក ឆាន់ សាផាន បានមានប្រសាសន៍ថា: ការផ្លាស់ប្តូរមន្ត្រី ជារឿងធម្មតា ទៅតាមការចាត់តាំងរបស់ក្រសួង ក៏ដូចជាស្ថាប័ននីមួយៗ ផងដែរ។ លោកក៏បាន ធ្វើការក្រើនរំលឹក ចំពោះលោក គឹម ពិសិដ្ឋ ដែលត្រូវបានផ្លាស់ប្តូរ មកបម្រើការងារ
ជាប្រធានមន្ទីរសុរិយោដី ក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង និងក្នុងនាមជាប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវបន្តការសហការ និងមានទំនាក់ទំនង យ៉ាងល្អប្រសើរ ជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្ត និងដឹកនាំការងារជំនាញ ទាំងលើការងារចុះបញ្ជីដីធ្លី ការកសាងផែនការប្រើប្រាស់ ដីធ្លី ការសម្របសម្រួល ក្នុងកិច្ចការសម្បទានដីសង្គមកិច្ច ការសាងសង់ផ្ទះ ជូនគ្រួសារអតីតយុទ្ធជន ជាពិសេសលើការងារសម្របសម្រួល ដោះស្រាយ ទំនាស់ដីធ្លី ដែលទាំងអស់នេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញ នូវកំណើនកំណើនសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម និងសូមយកឱកាសនេះ ជូនពរឲ្យ លោកទទួលបាននូវជោគជ័យ និងសម្រេចបាននូវស្នាដៃ លទ្ធផល និងសមិទ្ធផល ល្អៗបន្ថែមទៀត ក្នុងមុខនាទីនេះ នៅកន្លែងថ្មី នាពេលខាងមុខ ដើម្បីបម្រើឲ្យឧត្ដម ប្រយោជន៍ជាតិ និងប្រជាជន៕/V-PC