ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំងបានបង្ហាញមុខក្រុមក្មេងទំនើង ចំនួន ៦ នាក់ ដែលតែងតែបង្ករការអុកឡុក និងបង្កររបួសស្នាម នៅក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ក្នុងរយៈពេលកន្លងមក។

លោកវរសេនីយ៍ឯក ពេជ្រ រ៉ី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាៈក្រុមក្មេងទំនើងទាំង ៦នាក់នោះ ដែលនគរបាល បានស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយការអុកឡុក ដេញកាប់ជនរងគ្រោះ អ្នកធ្វើដំណើរទៅមកនៅពេលយប់ ក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ រយៈពេលកន្លងមក មាន ៤ករណី បង្ករឱ្យមានជនរងគ្រោះ រងរបួស ៥នាក់ ខូចខាតម៉ូតូស្រាល ចំនួន ៤គ្រឿង។

លោកស្នងការរង បានបន្តថាៈ ក្រុមក្មេងទំនើងទាំង ៦ នាក់នោះ រួមមាន ១.ឈ្មោះលន វុទ្ឋី អាយុ ២៣ ឆ្នាំ , ២.ឈ្មោះ ភោគ លីហៀង អាយុ ១៩ឆ្នាំ, ៣.ឈ្មោះ រីមភារៈ អាយុ ១៨ឆ្នាំ, ៤.ឈ្មោះ មាស ណារី អាយុ ១៨ ឆ្នាំ, ៥.ឈ្មោះ ស៊ន វិសាល
អាយ ១៨ឆ្នាំ, ៦.ឈ្មោះ ឌី ចាន់រាត្រី អាយុ ២២ឆ្នាំ ។ ពួកគេទាំង ៦ នាក់មានទីលំនៅ ក្នុងឃុំគោកបន្ទាយ និងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

លោកវរសេនីយ៍ឯក ពេជ្រ រ៉ី បានបញ្ជាក់ថាៈ ក្រុមក្មេងទំនើងទាំង ៦នាក់ ដែលមានចរិកកាចសាហាវ និងសុទ្ធសឹងជាក្មេង មានផ្ទុកនូវសារធាតុញៀនក្នុងខ្លួននោះបច្ចុប្បន្ន ត្រូវបានសមត្ថកិច្ចនគរបាល កសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមនីតិវិធី៕ V / N