ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ យន្តហោះហ្វឹកហ្វឺនរបស់កងកម្លាំងទ័ពអាកាសហ្វីលីពីន (PAF)ដែលដឹកអ្នកបើកយន្តហោះពីរនាក់បានធ្លាក់កាលពីព្រឹកថ្ងៃពុធទី២៥មករានៅលើដីស្រែមួយក្នុងស្រុកភីឡា (Pilar)ខេត្តបាតាអាន (Bataan) ស្ថិតនៅចម្ងាយ ១៣៣ គីឡូម៉ែត្រភាគខាងលិចរដ្ឋធានីម៉ានីល។
អ្នកនាំពាក្យរបស់ PAF លោកស្រី ម៉ារីយ៉ា ខុនស៊ូឡូ កាស្ទីលឡូ (Maria Consuelo Castillo)បាននិយាយថា យន្តហោះនេះគឺជាប្រភេទយន្តហោះហ្វឹកហាត់ធុន SIAI-Marchetti SF260 TP ដែលកំពុងដំណើរការដោយអង្គភាព Strike Wing លេខ ១៥ របស់កងទ័ពអាកាស។
យន្តហោះនេះបានហោះឡើងមុនម៉ោង ១០ ព្រឹកពីមូលដ្ឋានរបស់ PAF នៅចំណុចសាងឡេ (Sangley) ក្នុងខេត្តខាវ៉ាយ (Cavite) ហើយបានធ្លាក់នៅបាតាអាន (Bataan) នៅម៉ោងប្រហែល ១០៖៣៥ ព្រឹក។
លោកស្រីវរសេនីយ៍ឯកកាស្ទីលឡូបាននិយាយថាមានអាកាសយានិកពីរនាក់នៅលើយន្តហោះ ប៉ុន្តែនិយាយថា PAFមិនទាន់អាចបញ្ជាក់បានថាមានអ្នកស្លាប់ឬយ៉ាងណានោះទេដោយសារតែខ្លួននៅកំពុងប្រមូលព័ត៌មានពីលើដី។
លោកស្រីបាននិយាយថា “យើងបានបាត់ដានយន្តហោះជាង ៣០ នាទីក្នុងការហោះហើរ”។
រូបថត ដែលបានចែករំលែកដោយប៉ូលិសស្រុកភីឡា បានបង្ហាញថា អ្នកបើកយន្តហោះម្នាក់នៅជាប់នៅក្នុងយន្តហោះដែលធ្លាក់។ ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តនៅថ្ងៃពុធនេះ។
ការធ្លាក់យន្តហោះ PAF បានកើតឡើងមួយថ្ងៃបន្ទាប់ពីយន្តហោះ Cessna ៦កៅអីបានបាត់ដាននៅក្នុងខេត្តអ៊ីសាបេឡា (Isabela) ភាគខាងជើងទីក្រុងម៉ានីល។ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះកំពុងបន្តដើម្បីស្វែងរកទីតាំងយន្តហោះឯកជននេះ អ្នកបើកយន្តហោះ និងអ្នកដំណើរ៥នាក់៕
យន្តហោះហ្វឹកហ្វឺនធុន SIAI-Marchetti SF260 TP ធ្លាក់នៅព្រឹកថ្ងៃពុធនេះ