ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ផ្លូវចំនួន ៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិ មរតកតេជោ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ កំពុងសាងសង់ និងកែលម្អ ដើម្បីទទួលស្វាគមន៍ ព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ និងក៏ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ក្នុងនាមជា ម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ ខណៈពេលនៅសល់​ប្រមាណ ១០០ ថ្ងៃទៀត ប៉ុណ្ណោះ ព្រឹត្តិការណ៍ស៊ីហ្គេមនេះ នឹងឈានដល់។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឱ្យដឹងថាៈ មកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ គឺជាពេលវេលាមួយ ដែលកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានចាប់ផ្ដើម យុទ្ធនាការរាប់ថយក្រោយ ១០០ ថ្ងៃ ជាមួយព្រឹត្តិការណ៍នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំការងារមួយចំណែកផងដែរ ទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។

លោក ម៉េត មាសភក្ដី បានបញ្ជាក់ថាៈ ជាក់ស្ដែង នៅពេលនេះ រដ្ឋបាលរាជធានី ភ្នំពេញ បាននឹងកំពុងចាក់កៅស៊ូឡើងវិញ លើផ្លូវជាតិលេខ៦ ដោយមានរៀបចំ ខឿន ផ្លូវថ្មើរជើង ចិញ្ចើមផ្លូវ ពីរង្វង់មូលព្រហ្មជ្រោយចង្វារ ដល់ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល ដែលមានប្រវែង ប្រមាណជា ១៥ គីឡូម៉ែត្រ​ព្រោះផ្លូវនេះ ជាផ្លូវធំ ដើម្បីសម្រួលការធ្វើដំណើរ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោកបានបញ្ជាក់ថាៈ ការដ្ឋានផ្លូវជាតិលេខ៦ សម្រេចលទ្ធផលបាន ៨០% ហើយ។ ការងារមួយទៀត គឺកែលម្អមហាវិថី ឈ្នះ ឈ្នះ ចាប់ពីចំណុចប្រសព្វ ផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ ដែលមានការកែលម្អទ្រង់ទ្រាយធំ ដូចជា ជួសជុលផ្លូវ ដែលមានការខូចខាត ដោយចាក់បេតុងឡើងវិញ រៀបចំចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងផ្លូវជិះកង់ រីឯនៅសងខាងផ្លូវធំ មានដាក់ប្រព័ន្ធលូធំៗឡើងវិញ មានការរៀបចំសួនច្បារ និងដាំដើមឈើធំៗជាច្រើន។

បន្ទាប់ពីចាក់បេតុងរួចរាល់ មហាវិថី ឈ្នះ ឈ្នះ នឹងអ៊ុតកៅស៊ូបន្ថែម ដើម្បីឱ្យផ្លូវមាន ភាពងាយស្រួល ដល់ការធ្វើដំណើរ និងមានតុបតែងភ្លើងពណ៌បន្ថែមទៀត ដើម្បី ឱ្យមានសោភ័ណភាព ស័ក្ដសមជាទីតាំងដែលប្រារព្ធព្រឹត្តិការណ៍កីឡាដ៏ធំនេះ។

លោក ម៉េត មាសភក្ដី បានបន្ថែមថាៈ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្ថាបនាផ្លូវថ្មី ទាំងស្រុងចំនួន ២ ខ្សែទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ទូទៅផង និងការធ្វើដំណើរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផងដែរ។ ផ្លូវថ្មីទាំង ២ ខ្សែនេះ គឺស្ថាបនាស្របតាមទន្លេសាប ផ្នែកខាងកើត បែកខ្នែងជា ២ ផ្នែក ឆ្ពោះឡើងមហាវិថី ឈ្នះ ឈ្នះ គឺខ្សែទី១ ផ្លូវស្របមាត់ទន្លេ ចាប់ពីផ្លូវជាតិលេខ៦ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ ២០ម៉ែត្រ ប្រវែងជាង ៨ គីឡូម៉ែត្រ សម្រេចការសាងសង់បាន១០០% ទាំងការងារធ្វើផ្លូវបេតុង ដាក់លូ របាពុះចែកទ្រូងផ្លូវ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ។ ខ្សែផ្លូវទី២ គឺចាប់ពីផ្លូវសម្តេច ជា ស៊ីម ជ្រោយចង្វារ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ ២០ ម៉ែត្រ ប្រវែងជាង ៥ គីឡូម៉ែត្រ ដោយសម្រេចការសាងសង់បាន ៨៥% ហើយ នៅសល់ការដោះ ស្រាយផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋបន្តិចបន្តួចប៉ុណ្ណោះ៕/V/R