ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារ: ពលរដ្ឋចំនួន ៦១៤ គ្រួសារ ស្មើនឹង ១.០៦៣ ក្បាលដី លើផ្ទៃដីចំនួន ១០.៤៧២ ហិកតា នៅភូមិរំចេក ឃុំស្រយ៉ង់ ស្រុកគូលែន ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ នៅក្នុងពិធីប្រគល់ជាផ្លូវការ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ។

លោក មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ពលរដ្ឋ ពីតម្លៃ នៃកម្មសិទ្ធិស្របច្បាប់ លើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋថាៈ ប្រសិនបើ គ្មានថ្ងៃ រំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេនោះ សូម្បីតែស្លាបព្រា វែកបាយ ក៏មិនមែន ជាកម្មសិទ្ធិយើងនោះដែរ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានវាយតម្លៃខ្ពស់ ចំពោះការខិតខំយកចិត្តទុកដាក់ របស់អាជ្ញាធរ ខេត្ត ស្រុក ឃុំ ក្នុងការរៀបចំកិច្ចដំណើរការ ក្នុងការអនុវត្តកម្មវិធី អនុវិស័យរដ្ឋបាលដីធ្លី របស់រាជរដ្ឋាភិបាល តាមស្រុក ក្រុង ក្នុងគោលដៅរបស់ខេត្ត តាមជំហាននីមួយៗ តាំងពីការប្រកាសតំបន់វិនិច្ឆ័យ កំណត់ព្រំប្រទល់ភូមិ ការវាស់វែងក្បាលដីនីមួយៗ គូសក្បាលដី និងបំពេញទម្រង់បែបបទប្រមូលទិន្នន័យ ម្ចាស់ក្បាលដី ការបញ្ចូលទិន្នន័យម្ចាស់ក្បាលដី និងបិទផ្សាយជាសាធារណៈ ទិន្នន័យម្ចាស់ក្បាលដីទាំងអស់ នៅក្នុងតំបន់វិនិច្ឆ័យ ក្នុងរយៈពេល ១៥ ថ្ងៃ សម្រាប់ ទុកពេលឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ សុំកែតម្រូវម្ចាស់ក្បាលដី រហូតបិទផ្សាយបញ្ចប់ជាសាធារណៈ រហូតប្រារព្វពិធីប្រគល់វិញ្ញាបនបត្រ នៅពេលនេះ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់យ៉ាងដូច្នេះថាៈ លទ្ធផលដែលសម្រេច បានថ្ងៃនេះ គឺអាស្រ័យដោយកម្លាំងសាមគ្គីទាំងអស់ របស់កម្មវិធីដែលបានបញ្ចេញ អស់កម្លាំងកាយ កម្លាំងចិត្ត ប្រកបដោយស្មារតីលះបង់ខ្ពស់ ដែលមានជំនឿជាក់ ទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ស្របតាមលទ្ធផលដ៏ធំធេង ការចុះបញ្ជីដីធ្លី ដូចបានលើកឡើងខាងលើ កន្លងមក រដ្ឋបាលខេត្តព្រះវិហារ ក៏មានបញ្ហាប្រឈម មួយចំនួន ដូចជា ទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ និងរដ្ឋ ការកាន់កាប់ទន្ទ្រានដីថ្មីៗ បែបអនាធិបតេយ្យ​ពីសំណាក់ ជនខិលខូច និងជនឱកាសនិយម ដោយទាមទារឱ្យ អាជ្ញាធរទទួលស្គាល់ ការចេញលិខិតបញ្ជាក់ការកាន់កាប់ និងការប្រើប្រាស់ដីធ្លី ដែលមិនមែនជាដីភោគៈ នៅតែបន្តនៅតាមបណ្តាភូមិ ឃុំមួយចំនួន។

ក្នុងពីធីនោះដែរ លោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ បានថ្លែងថាៈ សម្រាប់តំបន់វិនិច្ឆ័យ ក្នុងឃុំស្រយ៉ង់ មាន ២ ភូមិ ក្នុងនោះ ភូមិរំចេក​ជាភូមិទី២ ដែលក្រុមការងារ បានអនុវត្តតាមនីតិវិធី នៃដំណាក់កាលនីមួយៗ ចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃ ចែកនៅពេលនេះ។​

លោកបានបន្តថាៈ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់ជូន ប្រជាពលរដ្ឋ គឺមានរយៈពេល ១៥ ថ្ងៃ ដោយគិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកប្រធានមន្ទីរ បានប្រាប់ប្រជាពលរដ្ឋ ពីសារៈសំខាន់របស់បណ្ណកាន់កាប់ដីធ្លី ដែលយើងអាចប្រើប្រាស់បាន តាមតម្រូវការស្របតាមច្បាប់ និងណែនាំដល់ ប្រជាពលរដ្ឋ ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅពេលនេះ ត្រូវថែរក្សា ទុកដាក់ឱ្យបានល្អ ៕/V/R