ដោយៈ គង់ហេង / កំពង់ចាម៖ ដំណឹងល្អ ផ្លូវក្រាលកៅស៊ូផង និងបេតុផង ដែល មានចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួនបី ក្នុងទឹកដីស្រុកកំពង់សៀម ដែលរដ្ឋបាលខេត្តកំពង់ចាមថា គ្រោងនឹងសាងសង់នោះ គឺនឹងចាប់បើកការដ្ឋាន ស្ថាបនានៅថ្ងៃទី ១ ខែកុម្ភៈ នៅខែក្រោយហើយ។ នេះបើតាមការថ្លែងឱ្យដឹងរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៥ មករានេះ។

លោក អ៊ុន ចាន់ដា នៅក្នុងការអញ្ជើញចូលរួមបើកការដ្ឋានសាងសង់ ក្រាលកៅស៊ូ ពីរជាន់ (DBST) និងបេតុងចំនួន ពីរ ខ្សែ មានប្រវែងសរុប ១៤,៦០៣ គីឡូម៉ែត្រ ឆ្លងកាត់ស្រុកស្ទឹងត្រង់ និងស្រុកចម្ការលើ បានថ្លែងថាៈ ផ្លូវកៅស៊ូ និងបេតុង ដែលយើងបានរៀបចំពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃនេះ គឺតភ្ជាប់ឃុំ ចំនួន បី មានឃុំសូភាស និងឃុំមេសរជ្រៃ របស់ស្រុកស្ទឹងត្រង់ និងឃុំតាអុង របស់ស្រុកចម្ការ គឺជាផ្លូវយុទ្ធសាស្រ្ត ដែលជាសរសៃឈាមសេដ្ឋកិច្ចមួយ របស់ប្រជាពលរដ្ឋ។

លោកបានបន្ថែមថាៈ សមិទ្ធផល ប្រភេទផ្លូវ និងមានប្រវែងប្រហាក់ប្រហែលនេះ គឺការតភ្ជាប់ពីផ្លូវជាតិលេខ៧១ ពីឃុំអូរស្វាយ ឆ្ពោះទៅកាន់ឃុំស្រក ក្នុងភូមិសាស្រ្ត ស្រុកកំពង់សៀម គឺនឹងបើកការដ្ឋានស្ថាបនា នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ គឺដើម្បីឆ្លើយតបនឹងសំណូមពរ របស់ប្រជាពលរដ្ឋ។

លោក អឹុង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម បានបញ្ជាក់នៅក្នុង របាយការណ៍ស្វាគមន៍ថាៈ ផ្លូវចំនួន ពីរ ខ្សែ មានចម្ងាយ ១៤,៦០៣ គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ នៅថ្ងៃនេះ ជាគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន( CLIMATE FRIENDLY AGRIBUSINESS VALUE CHAINS SECTOR PROJECT) របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅខេត្តកំពង់ចាម៕/V/R