ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖មជ្ឈមណ្ឌលល្បែងម៉ាកាវដ៏ធំបំផុតនៅលើពិភពលោកបានឃើញភ្ញៀវទេសចររាប់ម៉ឺននាក់ជារៀងរាល់ថ្ងៃចូលមកកាស៊ីណូនិងផ្លូវក្រាលឥដ្ឋដ៏ស្រស់ស្អាតរបស់ខ្លួននៅថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ដែលផ្ទុយស្រឡះពីការឈប់សម្រាកចាប់តាំងពីឆ្នាំ ២០២០។
ម៉ាកាវបានមើលឃើញការកើតឡើងវិញនៃភ្ញៀវទេសចរមកពីចិនដីគោកចាប់តាំងពីតំបន់រដ្ឋបាលចិនពិសេសនេះបានដកចេញទាំងអស់នូវកិច្ចតម្រូវឱ្យធ្វើតេស្តិ៍រកកូវីដ១៩សម្រាប់អ្នកដំណើរទៅពីចិនដីគោក ហុងកុង និង កោះតៃវ៉ាន់និងរដ្ឋាភិបាលក្រុងប៉េកាំងបានបើកព្រំដែនរបស់ខ្លួនជាមួយពិភពលោកជាលើកដំបូងក្នុងរយៈពេលបីឆ្នាំកាលពីដើមខែមករា។
រដ្ឋបាលក្រុងម៉ាកាវបាននិយាយថា ទីក្រុងម៉ាកាវបានស្វាគមន៍ភ្ញៀវទេសចរជាង ៧១.០០០ នាក់កាលពីថ្ងៃចន្ទ ជាកំណត់ត្រាតែមួយថ្ងៃខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើង។
បុរសឈ្មោះឡាំ ដែលធ្វើដំណើរមកម៉ាកាវពីទីក្រុងជាំងមិន (Jiangmen) ក្នុងខេត្តក្វាងទុងនៅភាគខាងត្បូងចិន បាននិយាយថា “ខ្ញុំមកទីនេះដើម្បីលេងល្បែង។វាជាការល្អដែលបានឃើញមនុស្សនៅម៉ាកាវ។ វាគ្មានជីវិតទេអំឡុងការបិទខ្ទប់និងមិនល្អសោះឡើយ”។
ជាង ៩៤ ភាគរយនៃភ្ញៀវទេសចរនៅម៉ាកាវក្នុងរយៈពេលបីថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិនថ្ងៃទី ២១ ខែមករាបានមកពីតំបន់រដ្ឋបាលពិសេស ចិននិងហុងកុងជិតខាង។ រដ្ឋបាលក្រុងម៉ាកាវបាននិយាយថា ចំនួនភ្ញៀវទេសចរប្រចាំថ្ងៃជាមធ្យមសម្រេចបានជាង ៥១.០០០ នាក់ដែលកើនឡើង ២១៧ ភាគរយធៀបនឹងឆ្នាំមុន។
ការហូរចូលនៃភ្ញៀវទេសចរចូមកកាន់អតីតអាណានិគមព័រទុយហ្គាល់មួយនេះបានចាប់ផ្តើមចាប់តាំងពីរដ្ឋាភិបាលក្រុងប៉េកាំងបានបើកព្រំដែនរបស់ខ្លួនជាមួយពិភពលោកជាលើកដំបូងក្នុងរយៈពេលបីឆ្នាំកាលពីដើមខែមករា។ ម៉ាកាវមានអ្នកដំណើរជាមធ្យម ១៥.០០០ នាក់ក្នុងមួយថ្ងៃនៅឆ្នាំ ២០២២៕
ម៉ាកាវស្វាគមន៍ភ្ញៀវចិន ៧១.០០០ នាក់នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ដែលជាចំនួនភ្ញៀវខ្ពស់បំផុតមកលេងក្នុងពេលតែមួយថ្ងៃ