ដោយៈមុនីរ័ត្ន/ភ្នំពេញ៖អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថាជនណាបើកបរ​ដោយធ្វេស​ប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តី ពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យ​របួសដល់​អ្នកដទៃ ស្ថិតក្នុងស្ថានភាពស្រវឹងត្រូវមានទោសជាប់ពន្ធនាគារនិងសងប្រាក់។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០២និង១០នាទីព្រឹក នៅចំណុចលើស្ពានជ្រោយ ចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើត ឡើងរវាងរថយន្តម៉ាក LEXUS NX200T ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BB-9989 ដែលបើកបរដោយឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ សញ្ញាតិខ្មែរ បើកបរក្នុងស្ថានភាពស្រវឹងនិងមិនប្រុងប្រយ័ត្នបណ្តាលឱ្យបុកនឹងម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិស​គ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខកណ្តាល 1B-9979 ដែលបើកបរដោយឈ្មោះ ប៉ែន ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ រួមដំណើរដោយឈ្មោះ កែវ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ និងឈ្មោះ សុខ ឡេង ភេទប្រុស អាយុ៦០ថ្ងៃ ។ ក្នុង​ករណីគ្រោះថ្នាក់ចរាចរណ៍ខាង លើបានបណ្តាលឲ្យអ្នកបើកបរម៉ូតូ HONDA SCOOPY ព្រមទាំងអ្នករួមដំណើរទាំងពីរ​នាក់ រងរបួសជាទម្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រហូតមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ អ្នករងរបួស ឈ្មោះ សុខ ឡេង បានទទួលមរណៈភាព ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបន្តថា៖ ក្រោយពីទទួលបាន សំណុំរឿងខាងលើពីមន្ត្រី​នគរបាល​យុត្តិធម៌ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និង​ពាក្យបណ្ដឹងផ្ទាល់​របស់ភាគីជនរងគ្រោះ តំណាងអយ្យការបានធ្វើការស៊ើប អង្កេតដោយបានស្តាប់ចម្លើយភាគីពាក់ព័ន្ធ និងបានចេញដីកា​បញ្ជាឱ្យចូលខ្លួនលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ សោម ណូរីទីឃា ប៉ុន្តែជននេះនៅតែមិនត្រូវ​បាននាំមកនៅចំពោះ​មុខអយ្យការដើម្បីស្តាប់ចម្លើយ អំពីអង្គហេតុខាងលើ ។

ក្រោយពីបានស៊ើបអង្កេតចប់សព្វគ្រប់ ព្រមទាំងបានពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង តំណាង អយ្យការបានបើក​ការស៊ើបសួរលើអង្គហេតុគ្រោះថ្នាក់ចរាចរណ៍លើឈ្មោះ សោម ណូរីទីឃា ពីបទ៖ បើកបរ ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុង​ប្រយ័ត្ន​បណ្តាលឲ្យស្លាប់ និងមានរបួសដល់អ្នកដទៃ ប្រព្រឹត្តនៅចំណុច លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពី​ចរាចរណ៍ផ្លូវគោក ។

មាត្រា ៨៣ ចែងថាជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តី ពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យរបួសដល់អ្នកដ៏ទៃ ស្ថិតក្នុងស្ថានភាពស្រវឹង់ដោយអត្រាជាតិអាកុលចាប់ពី ០,៤០ (សូន្យក្បៀស សែសិបមិល្លីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើង​ទៅបណ្តាលឲ្យមាន របួសច្រើននាក់ អំពើល្មើសខាងលើនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៣បី)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន)រៀល ទៅ ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល ។

មាត្រា ៨៥ ចែងថាជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ស្ថិតក្នុងស្ថានភាពស្រវឹងដោយអត្រាជាតិអាកុលចាប់ពី ០,៤០ (សូន្យក្បៀសសែសិប) មិលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើង​ទៅអំពើល្មើសខាងលើនេះត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់ពីន) រៀល ទៅ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល ។

គួរបញ្ជាក់ថា កាលពីម៉ោង២អធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BB-9989 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនឆ្លងកាត់ស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត បុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978 ពេញទំហឹងបណ្តាលឱ្យមនុស្ស៣នាក់រងរបួស ក្នុងនោះមានទាំងទារកអាយុ៦០ថ្ងៃម្នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះនៅត្រង់ចំណុចមុខបង្គោលភ្លើងទី៤ ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕សរន/R