ដោយៈ មុនី រ័ត្នភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ធំ បានធ្វើពិធីទទួលបញ្ចូលសមាជិកថ្មីដែលមកពីគណបក្សភ្លើងទៀន ដែលបានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគេអស់ជំនឿលើមេដឹកនាំគណបក្សភ្លើងទៀន គឺគ្មានគោលជំហនយោបាយច្បាស់លាស់ គ្មានឧត្តមគតិជាតិ បក្សពួកនិយម នឹងញុះញ៉ុងឲ្យពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម និងដើរតាមមាគ៌ានយោបាយ អតីតមេដឹកនាំចាស់សង្រ្គោះជាតិ គឺ ទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់តែម្តង»។

ពិធីនេះ ក្រោមអធិបតីភាព បណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងលោកបណ្ឌិត ថោង ខុន សមាជិកគណៈកម្មការកណ្តាលនិងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ លោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តនិងជាអភិបាលខេត្ត លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត យូ សាម៉េត ប្រធានក្រុមការងារពិសេសសម្តេចតេជោ ចុះជួយកសាងពង្រឹងសមាជិកបក្ស។

នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត លី សាម៉េត និងថ្នាក់ដឹកនាំបានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា មកពីគណបក្សភ្លើងទៀន និងបានប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៣៤នាក់ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។
លោកបណ្ឌិតបានមានប្រសាសន៍ឲ្យដឹងថា ការចុះជួបសំណេះសំណាលជាមួយសមាជិកមកពីគណបក្សភ្លើងទៀននិងប្រកាសបញ្ចូលសមាជិកថ្មីនេះ ដោយសារតែកាលពីថ្ងៃទី១២ ខែមករា កន្លងទៅ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន៩ នាក់ បានសម្រេចចូលរួមជីវភាពនយោបាយផ្លូវការជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតជោ ហ៊ុន សែន ប្រធានគណបក្ស ទើបថ្ងៃនេះ យើងបានរៀបចំពិធីប្រកាសជាផ្លូវការនេះឡើងតែម្តង។
ជាមួយគ្នានេះ លោកបណ្ឌិត លី សាម៉េត បានផ្តាំផ្ញើថា សូមឲ្យកូនក្មួយនិងប្អូនៗ ដែលបានរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺត្រូវតែស្មោះត្រង់និងគណបក្សប្រជាជន បម្រើគោលនយោបាយរបស់គណបក្សយើង ហើយបក្សនឹងការពារយើង ព្រោះថា ចាប់ពីពេលនេះតទៅយើងជាគ្រួសារតែមួយ រស់ក្រោមដំបូលនៃសន្តិភាព នឹងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លើសពីនេះ លោកបណ្ឌិត លី សាម៉េត បានរំលឹកថា «សព្វថ្ងៃនេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍ដល់បក្សនយោបាយគ្រប់និន្នាការទាំងអស់ ដែលមានបំណងចង់ចូលរួមជីវភាពនយោបាយនិងគណបក្សប្រជាជនកម្ពុជា គឺយើងមិនរើសអើងនោះទេ ។

ជាមួយគ្នានេះ កត្តាសំខាន់ឲ្យតែបងប្អូន មានឧត្តមគតិជាតិនិងស្រឡាញ់ជាតិ ប្រជាជន ពិតប្រាកដ និង កុំយកបរទេសជាខ្នងបង្អែកនយោបាយ គឺអាចចូលរួមជាមួយនិងគណបក្សប្រជាជនបាន ដើម្បីបម្រើប្រជាជន ហើយយើងត្រូវតែរួមគ្នាការពារសន្តិភាពនិង ការដឹកនាំរបស់សម្តេចតេជោ រួមគ្នាអភិវឌ្ឍន៍ជាតិ និងប្រជាជនឲ្យមានការរីកចម្រើនបន្តទៀត។

សូមជម្រាបថា មន្រ្តីគណបក្សភ្លើងទៀន ចំនួន៩រូប ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅ។ មន្ត្រីទាំងបោះបានអះអាងថា «សព្វថ្ងៃនេះ នយោបាយ និងការដឹកនាំរបស់គណបក្សភ្លើងទាន គឺគ្មានគោលជំហនយោបាយច្បាស់លាស់ គ្មានឧត្តមគតិជាតិ បក្សពួកនិយម នឹងញុះញ៉ុងឲ្យពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម និងដើរតាមមាគ៌ានយោបាយ អតីតមេដឹកនាំចាស់សង្រ្គោះជាតិ គឺ ទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់តែម្តង»៕សរន / N