ដោយ: សុវណ្ណកុម្ភ: /ភ្នំពេញ: នៅល្ងាចថ្ងៃទី២៥ មករា ២០២៣ នេះ ជាមួយនឹងការរៀបចំពិធីរាប់ថយក្រោយ ១០០ ថ្ងៃ សម្រាប់ការមកដល់នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នោះ ក៏មានការប្រជុំនាយបេសកកម្មស៊ីហ្គេមលើកទី១ ទៀតផង។
កិច្ចប្រជុំនេះ មានរយ:ពេល ៣ ថ្ងៃ គឺថ្ងៃទី២៥ ដល់ ២៧ មករា នារាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

កិច្ចប្រជុំ បានលើកឡើងនូវការងារមួយចំនួនពាក់ព័ន្ធនឹងការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន វេជ្ជសាស្ត្រ-ដូពីង (សារធាតុលើកកម្លាំង ដែលហាមប្រើប្រាស់ក្នុងកីឡា) ពិធីការនិងព័ត៌មានវិទ្យា ដើម្បីឲ្យនាយបេសកកម្មនៃបណ្ដាប្រទេសជាសមាជិកចូលរួមបានដឹង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិរៀបចំស៊ីហ្គេមលើកទី៣២ បានឲ្យដឹងថាៈ លទ្ធផលនៃកិច្ចប្រជុំទទួលបានផ្លែផ្កាឝួរឲ្យកត់សំឝាល់ ពិសេសលើផ្នែកបដិសណ្ឋារកិច្ច ការរៀបចំដឹកជញ្ជូន ការស្នាក់នៅ និងហូបចុក។

បញ្ហាសំខាន់ ដែលនាយបេសកកម្មទាំង ១១ ប្រទេស ចង់ដឹងគឺ តើម្ចាស់ផ្ទះរៀបចំខ្លួនរួចរាល់ឬនៅ? ការយកចិត្តទុកដាក់ថែទាំកីឡាករ កីឡាការិនី ព្រោះពួកគេ ជាតួអង្គសំខាន់ ក្នុងព្រឹត្តិការណ៍នេះ ដូច្នេះក្នុងនាមម្ចាស់ផ្ទះ ត្រូវតែបង្ហាញពីភាពស្មោះត្រង់លើរឿងនេះ។

កម្ពុជា សហការគ្នាបានយ៉ាងល្អលើមុំ ៣ គឺក្រសួងអប់រំ យុវជន និងកីឡា គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និង Camsoc រួមជាមួយសហព័ន្ធជាតិ។ បណ្ដាប្រទេសជាសមាជិក គេឃើញកម្ពុជា ធ្វើការជាលក្ខណ:អាជីពច្រើនពិសេសខាងតំណាងការិយាល័យស៊ីហ្គេម ក៏ដូចទីប្រឹក្សាច្បាប់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។

នៅថ្ងៃទី២៦ មករា នាយបេសកកម្មទាំង១១ ប្រទេស នឹងទស្សនកិច្ចទីលានប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិនិងទីលានប្រកួត នៅខេត្តព្រះសីហនុ៕ V / N