ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បាននាំយកអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ៥៥ គ្រួសារ មកពី ៥ សង្កាត់នៃក្រុងប៉ោយប៉ែតនេះ។

ពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងចែកអំណោយនេះ បានធ្វើនៅ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក្នុងបរិវេណសាលាក្រុងប៉ោយប៉ែត។

ក្នុងឱកាសនោះ លោក គាត ហ៊ុល បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកប្រធានសមាគមមនុស្សចាស់ និងលោកស្រី ដែលជានិច្ចកាលតែងតែគិតគូរ ពីការរស់នៅសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជនចាស់ជរា នៅក្នុងមូលដ្ឋាន ។

លោក គាត ហ៊ុល បានកោតសសេីរដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលយកចិត្តទុកដាក់ និងសូមបន្តតាមដានសុខភាព និងតម្រូវការចាំបាច់នានារបស់មនុស្សវ័យចាស់ ពិសេសស្ថានភាពរដូវត្រជាក់នេះ ។

លោកបានបន្តទៀតថាៈ ការលើកកម្ពស់គុណ ភាព ជីវិតរបស់មនុស្សចាស់ ការយកចិត្តទុក ដាក់ធានាសុខុមាលភាព ដល់មនុស្សចាស់ ប្រកបដោយសង្គតិភាព ទៅនឹងស្ថានភាពវិវឌ្ឍន៍នៃសង្គមជាតិ ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា ។

សូមបញ្ជាក់ថា អំណោរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលលោកអភិបាលក្រុងប៉ោយប៉ែត នាំយកមកចែកជូនដល់លោកតាលោកយាយ រួមមាន សម្ភារៈ អង្ករ មី អាវរងា រួមជាមួយថវិកាមួយចំនួន ៕ V / N