ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ អាល្លឺម៉ង់នឹងបញ្ជូនរថក្រោះធុនធ្ងន់Leopard 2ទៅអោយអ៊ុយក្រែននិងក៏បានអនុញ្ញាតអោយប្រទេសសម្ពន្ធមិត្តដែលកំពុងប្រើប្រាស់រថក្រោះប្រភេទនេះអាចនាំចេញបន្តទៅអោយកងកម្លាំងអ៊ុយក្រែនផងដែរ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃពុធ។
រុស្ស៊ីបានចាត់ទុកការបញ្ជូនសព្វាវុធធុនធ្ងន់នេះទៅអោយអ៊ុយក្រែន ជាតឹកតាងបញ្ជាក់ថាលោកខាងលិចចង់បង្កើនសង្គ្រាម។
ស្ថានទូតរុស្ស៊ីប្រចាំអាល្លឺម៉ង់បាននិយាយថា ការសំរេចចិត្តរបស់រដ្ឋាភិបាលទីក្រុងប៊ែរឡាំងមានន័យថាប្រទេសនេះបោះបង់ចោល«ការទទួលខុសត្រូវជាប្រវត្តិសាស្ត្ររបស់ខ្លួនចំពោះរុស្ស៊ី»ចេញពីឧក្រិដ្ឋកម្មរបស់ពួកណាស៊ីនៅក្នុងសង្គ្រាមលោកលើកទីពីរ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតបាននិយាយថា ការសំរេចចិត្តនេះនឹងកាន់តែធ្វើអោយជម្លោះរីករាលដាលទៅកាន់កំរិតថ្មីមួយ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រីម៉ារៀ ហ្សាខារ៉ូវ៉ា(Maria Zakharova)បាននិយាយថា ការសំរេចចិត្តរបស់អាល្លឺម៉ង់បានបញ្ជាក់អំពីអ្វីដែលលោកស្រីបាននិយាយថា«សង្គ្រាមមានការរៀបចំទុកជាមុន»មួយប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងមូស្គូ។
ចំណែករដ្ឋាភិបាលវិមានក្រឹមឡាំងបាននិយាយថា រថក្រោះប្រយុទ្ធធុនAbramsដែលអាម៉េរិកប្រគល់អោយអ៊ុយក្រែននឹងត្រូវកំទេចចោល។
ក្រោយការសំរេចចិត្តភ្លាម អគ្គលេខាអង្គការណាតូ បានស្វាគមន៍ការសំរេចចិត្តរបស់អាល្លឺម៉ង់ ដោយសង្ឃឹមថាវានឹងជួយអោយអ៊ុយក្រែនឈ្នះរុស្ស៊ី។លោកជេនស៍ ស្តូលថិនប៊ឺក បាននិយាយថា«នៅពេលដ៏សំខាន់នេះ រថក្រោះទាំងនេះអាចជួយអោយអ៊ុយក្រែនការពារខ្លួន ឈ្នះនិងងើបឈរជាប្រជាជាតិឯករាជ្យមួយ»។
ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយនៅថ្ងៃពុធនេះថា អាល្លឺម៉ង់ធ្វើការសំរេចចិត្តត្រឹមត្រូវនៅពេលប្រធានាធិបតីបារាំងក៏បានស្វាគមន៍ការសំរេចចិត្តនេះ។
ប៉ូឡូញ ហ្វាំងឡង់ ស៊ុយអែត ហូឡង់និងអេស្ប៉ាញបានរួសរាន់ស្វាគមន៍និងអះអាងថាពួកគេនឹងចូលរួមបញ្ជូនរថក្រោះLeopardsទៅអោយអ៊ុយក្រែន៕
ក្រោយស្ទាក់ស្ទើរអស់ជាច្រើនសប្តាហ៍ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូល បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់រថក្រោះប្រយុទ្ធLeopard 2 និងអនុញ្ញាតអោយដៃគូបញ្ជូនរថក្រោះផលិតនៅអាល្លឺម៉ង់នេះទៅកាន់អ៊ុយក្រែន