នឹងមាន​ការ​ចល័ត​កម្លាំង​ប៉េអឹម​ជិត​១​ពាន់​នាក់ ពី​ភ្នំពេញ​ទៅ​ខេត្តស្វាយរៀង យប់​ថ្ងៃទី​១២​កក្កដា​

1638
ចែករម្លែក
សកម្មភាពកង​​រាជ​​អាវុធ​ហត្ថ ​​ហ្វឹក​ហាត់​ និង​​ចល័ត​​តាម​​គោលដៅ​​ នាពេលកន្លងមក (រូប: RFI)

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: កម្លាំង​កងរាជអាវុធហត្ថ​ជិត ១០០០​នាក់ នឹងធ្វើ​ការ​ចល័ត​ម្លាំ​ង​ពី​សាលា​កងរាជអាវុធហត្ថ​កំបូល និង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជុំ​រាយ ទៅកាន់​ខេត្តស្វាយរៀង នៅ​យប់​ថ្ងៃទី​១២ ខែកក្កដា ស្អែក ដើម្បី​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ ទិវា​កងរាជអាវុធហត្ថ នៅ​ថ្ងៃទី​១៤ ខែកក្កដា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២ ខែកក្កដា ស្អែក​នេះ កម្លាំង​កងរាជអាវុធហត្ថ​ចល័ត​ម្លាំ​ង​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តស្វាយរៀង ដើម្បី​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ ទិវា​កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០១៨)​។ ដោយ​លោក​បញ្ជាក់ថា កម្លាំង​ចំនួន​៨០០​នាក់ នឹង​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ វិលត្រឡប់​មកវិញ​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការ​ចល័ត​កម្លាំង​កងរាជអាវុធហត្ថ​ពី​រាជធានី​ភ្នំពេញ​ទៅ​ច​ខេត្តស្វាយរៀង ដើម្បី​ដើម្បី​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ ទិវា​កងរាជអាវុធហត្ថ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា កម្លាំង​កងរាជអាវុធហត្ថ​ដែល​ចូលរួម​នៅក្នុង​ពិធី​នេះ​មាន​ចំនួន ៨០០​នាក់ ហើយ​កម្លាំង​ទាំងអស់នេះ នឹង​ចល័ត​ពី​សាលា​កងរាជអាវុធហត្ថ​កំបូល និង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជុំ​រាយ ទៅកាន់​ខេត្តស្វាយរៀង ដោយ​ចេញដំណើរ​នៅ​យប់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ និង​ត្រឡប់មកវិញ​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម