ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ឧត្តមសេនីយ៍ទោ យិន លីម ដែលបើកបររថយន្តទំនើបក្នុងស្ថានភាពស្រវឹងឡើងលើសួនច្បារជិតព្រះបរមរូបសម្តេចព្រះបរមរតនកោដ្ឋ (វិមានឯករាជ្យ) កាលពីយប់ថ្ងៃទី២៤ ខែមករាបង្កឱ្យមនុស្សបីនាក់រងរបួសស្រាលនោះ សំណុំរឿងនេះមិនបានបញ្ជូនជនបង្កទៅតុលាការនោះទេ។ ការមិនបញ្ជូនទៅតុលាការដោយសារជនរងគ្រោះ បានទទួលយកសំណងពីក្រុមគ្រួសារជនបង្ក ហើយសមត្ថកិច្ចក៏បានផាកពិន័យជនបង្កចំនួនពីរលានរៀលដែរ។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានថ្លែងថា ទាក់ទងទៅនឹងបុរសម្នាក់ដែលបើករថយន្តឡង់គ្រីស័រកាលពីយប់ថ្ងៃទី២៤ ខែមករា ហួសទៅលើសួនវិមានឯករាជ្យ (សួនព្រះបរមរូប) ដែលបានបង្កគ្រោះថ្នាក់មនុស្នាក់រងរបួសស្រាលនោះ សមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានទៅដល់ទីតាំង ហើយក៏បានអ្នកបង្កមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។
អ្នកនាំពាក្យបានបញ្ជាក់ថា ” សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ គឺឃើញថា អ្នកបើកបរមានសារធាតុស្រវឹង ហើយបានមួយសន្ទុះក្រោយមកជនបង្កបានមានបញ្ហាសុខភាព ក៏បានដួលសន្លប់ភ្លាមៗនៅកន្លែងសមត្ថកិច្ច។ ភ្លាមៗនោះយើងក៏មិនទាន់បានសាកសួរអីច្រើន ។ ក្រុមគ្រួសារដែលនៅជាមួយបានបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យភ្លាមៗ។ ក្រោមមកទៀតយើងទទួលដំណឹងពីក្រុមគ្រួសារថា ដោយសារតែគាត់មានបញ្ហាជាតិស្ករធ្លាក់ចុះខ្លាំង។ ក្រុមគ្រួសារគាត់ក៏បានបញ្ជាក់ដែរថា ទាក់ទងបញ្ហាបើកបរដែលបង្កគ្រោះថ្នាក់នឹងក៏វាអាចមកពីមូលហេតុនឹងមួយដែរ។ ទី១. គាត់ស្រវឹងនិងទី២. អាចជាតិស្ករធ្លាក់ចុះខ្លាំងធ្វើគាត់វិលមុខខ្លាំងចឹងអាចឱ្យគាត់បាត់បង់ស្មារតីលើបញ្ហានឹង។ ពីព្រោះនៅពេលដែលគាត់ដួលសន្លប់នៅកន្លែង សមត្ថកិច្ចក្រុមគ្រួសារបានបញ្ជូនទៅភ្លាម ទៅដល់បន្ទប់សង្គ្រោះបន្ទាន់ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ព្យាបាល ហើយបានពិនិត្យមើលទៅ គឺជាតិស្ករក្នុងខ្លួនគាត់មានការធ្លាក់ខ្លាំង គឺទាបបំផុតវាធ្វើឱ្យបាត់បង់ស្មារតី ឬក៏អាចធ្វើឱ្យងងឹតមុខ”។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបន្តថា ” នៅថ្ងៃមិញជនរងគ្រោះដែលរបួសស្រាលបីនាក់ បានចូលមកដើម្បីជួបខាងក្រុមគ្រួសារជនបង្ក គឺបានដោះស្រាយគ្នារួចរាល់អស់ហើយជាសំណង។ ទាក់ទងគាត់ ដែលល្មើសក្នុងការបើកបរដែលមានភ្ជាប់ជាមួយសារធាតុស្រវឹង គឺសមត្ថកិច្ចក៏បានធ្វើការចេញប័ណ្ណផាកពិន័យ និងផាកពិន័យរួចរាល់ហើយ គឺចំនួន ពីរលានរៀល។កិច្ចការនេះយើងបានរួចរាល់អស់ហើយ។បន្តមកទៀត គឺជាភារកិច្ចរបស់អង្គភាពផ្ទាល់ ពីព្រោះគាត់នៅខាងអង្គភាពផ្សេង ។អ៊ីចឹងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងបញ្ជូនគាត់ទៅខាងអង្គភាព ហើយអង្គភាពគាត់អនុវត្តតាមវិន័យ ឬក៏របៀបម៉េចចទៀតអានឹងតាមអង្គភាពផ្ទាល់របស់គាត់”។
ជួនគ្នានេះដែរ នៅថ្ងៃទី២៥ ខែមករានេះ អ្នកនាំពាក្យអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌជ្រោយចង្វារកាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២ដែលបង្កឱ្យមានមនុស្សស្លាប់និងរបួស។
ក្នុងសេចក្តីប្រកាសនេះបញ្ជាក់ថា មាត្រា ៨៣ ចែងថាជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តី ពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យរបួសដល់អ្នកដទៃ ស្ថិតក្នុងស្ថានភាពស្រវឹងដោយអត្រាជាតិអាកុលចាប់ពី០,៤០(សូន្យក្បៀសសែសិបមិល្លីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី០,៨០(សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅបណ្តាលឱ្យមាន របួសច្រើននាក់ អំពើល្មើសខាងលើនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៣បី)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន)រៀល ទៅ ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល ។
មាត្រា ៨៥ ចែងថាជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដ៏ទៃ ស្ថិតក្នុងស្ថានភាពស្រវឹងដោយអត្រាជាតិអាកុលចាប់ពី ០,៤០ (សូន្យក្បៀសសែសិប) មិលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាមឡើងទៅអំពើល្មើសខាងលើនេះត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់ពីន) រៀល ទៅ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល ៕សរន