ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ: ប្រមុខគណ:កម្មាធិការជាតិរៀបចំស៊ីហ្គេម ២០២៣ (Camsoc) សម្ដេចពិជ័យសេនា ទៀ បាញ់បានថ្លែងក្នុងពិធីរាប់ថយក្រោយ ១០០ ថ្ងៃថានេះជាកំណត់ត្រាថ្មីមួយទៀត សម្រាប់កម្ពុជាក្នុងការប្រកាសពេលវេលាសេសសល់ ១០០ថ្ងៃទៀតប៉ុណ្ណោះ ដែលជាសុបិន្ដរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេម។

សម្ដេចពិជ័យសេនា បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែនដែលបានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះ ឲ្យបានផុលផុស ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស បានដឹង និងបំផុសស្មារតីលើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ឲ្យខិតខំហ្វឹកហាត់ ដើម្បីទទួលបានមេដាយច្រើន ក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខ។

កម្ពុជា រង់ចាំ ៦៤ ឆ្នាំ ទើបសម្រេចចិត្តយកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្តះរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាតែងតែឈរលើឝោលការណ៍ កិច្ចសហប្រតិបត្តិការ សន្ដិសហវិជ្ជមាន ស្មើមុខស្មើមាត់ និងបម្រើផលប្រយោជន៍ឝ្នា ទៅវិញទៅមក ប្រកបដោយឆន្ទ:រួម ដើម្បីសាងជោគវាសនារួម គឺសុខសន្ដិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។

សម្ដេចពិជ័យសេនា បានស្នើឲ្យនាយបេសកកម្មស៊ីហ្គេមទាំងអស់ ដែលកំពុងមានវត្តមាននៅកម្ពុជា សូមផ្ដល់នូវស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឲ្យបានជិតស្និទ្ធ និងបំពេញកាតព្វកិច្ចកីឡា ដោយការយោគយល់គ្នាទៅវិញទៅមក។

ដោយឡែក លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ Camsoc បានមានប្រសាសន៍ថាៈ នៅសល់ ១០០ ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជា នឹងសម្រេចនូវក្ដីស្រមៃ ក្នុងការបង្កើតប្រវត្តិសាស្ត្រថ្មី ក្នុងវិស័យកីឡា តាមរយ:ការទទួលធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាលើកដំបូង ក្នុងរយ:ពេល ៦៤ ឆ្នាំ។

វាមិមែនតែជាព្រឹត្តិការណ៍ ពហុកីឡាប៉ុណ្ណោះទេតែជាការលើកកំពស់មិត្តភាព ការគោរពគ្នា និងសាមគ្គីក្នុងទិសដៅ កសាងសហគមន៍អាស៊ីអាគ្នេយ៍មួយ ដែលមានសន្ដិភាព និងស្ថិរភាព។
លោកបានបន្ថែមថាៈ ពិធីរាប់ថយក្រោយ ១០០ ថ្ងៃ បង្ហាញថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍កីឡាករ កីឡាការិនី មន្ត្រីកីឡា និងអ្នកទស្សនាទាំងអស់ ដែលមកចូលរួមកីឡាស៊ីហ្គេម លើកទី៣២៕/V-PC