ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ដើម្បីពង្រឹងការគ្រប់គ្រង ការអនុវត្តនៃការប្រមូលពន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពនោះ សាខាពន្ធដារខេត្តកំពង់ឆ្នាំង បានបើកសិក្ខាសាលា ផ្សព្វផ្សាយពីបញ្ជីគណនេយ្យសាមញ្ញ កាតព្វកិច្ចសារពើពន្ធប្រចាំខែ និងប្រចាំឆ្នាំ ប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធខ្នាតមធ្យម (TOI E-Filing) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំសាខាពន្ធដារខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក វង្ស ឌីណា ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំសាខាពន្ធដារខេត្ត មន្រ្តីពន្ធដារខេត្ត និងម្ចាស់អាជីវកម្ម ខ្នាតមធ្យម ទាំងអស់។

បើយោងតាមបទបង្ហាញ មន្រ្តីពន្ធដារ បានបញ្ជាក់ថាៈ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងអាជីវករទាំងអស់ ឱ្យបានយល់ដឹងពីនីតិវិធី នៃការគ្រប់គ្រងកិច្ចបញ្ជីការសាមញ្ញ នៃអាជីវកម្មរបស់ខ្លួន និងកាតព្វកិច្ចនៃការបង់ពន្ធរដ្ឋ ឱ្យបានគ្រប់ៗគ្នា និងសូមឱ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវយកចិត្តទុកដាក់បង់ពន្ធ ឱ្យបានត្រឹមត្រូវ តាមច្បាប់បានកំណត់ ដែលកំពុងធ្វើការកំណែទម្រង់ និងពង្រឹងការអនុវត្ត ច្បាប់ពន្ធដារ ស្របតាមយុទ្ធសាស្រ្តកៀរគរកចំណូល ធានាបាននូវអភិបាលកិច្ចល្អ បរិយាកាសធុរកិច្ចដ៏ប្រសើរ តាមរយៈការប្រមូលចំណូលពន្ធ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងសមធម៌។ លោក វង្ស ឌីណា បានមានប្រសាសន៍ ផ្តាំផ្ញើដល់ម្ចាស់អាជីវកម្មទាំងអស់ថាៈ ការបើកសិក្ខាសាលាផ្សព្វផ្សាយ នៅពេលនេះ គឺមានសារៈសំខាន់ណាស់ ចំពោះការកែទម្រង់គោលនយោបាយហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ក៏ដូចជា អគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅបង្កើនចំណូលថវិកាជាតិ និងផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ទាំងឡាយ ឲ្យស្របតាមគោលនយោបាយ កែទម្រង់ស៊ីជម្រៅ របស់្រមុខរាជរដ្ឋាភិ បាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ជាពិសេសសហគ្រាស អ្នកជាប់ពន្ធទាំងអស់ ត្រូវចូលរួម និងគាំទ្រការពង្រឹង នៃការគ្រប់គ្រងកិច្ចបញ្ជីការ របស់អាជីវកម្មខ្លួន និងកាតព្វកិច្ច ត្រូវបង់ពន្ធឲ្យបានគ្រប់ៗគ្នា ដើម្បីជំរុញការអភិវឌ្ឍ ប្រទេសកម្ពុជា ឱ្យមានការរីកចំរើន ជាបន្តទៀត ៕/V-PC