​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ អ្នក​ប្រដាល់​មួយ​ថៃ (Muay Thai)​ដ៏​ល្បីល្បាញ ឈ្មោះ សម្បត្តិ “​ប៊ូ​ខាវ​” បញ្ជា​មេឃ (Sambat Baukaw Banchamek) និយាយថា រូប​គេ​មក​ពី​ក្រុម​ជន​​ជាតិ​ភាគតិច​កួយ ប៉ុន្តែ​សញ្ជាតិ​របស់គេ​គឺ​ថៃ​។

​រូប​គេ​និយាយ​ដូច្នេះ ក្រោយ​អ្នកគាំទ្រ​ប្រដាល់​កម្ពុជា​អះអាងថា​រូបគេ​មាន​ដើម​កំណើត​ជា​ខ្មែរ​។

​ជម្លោះ​រវាង​កម្ពុជា​និង​ថៃ​ជុំវិញ​ម្ចាស់​ស្របច្បាប់​លើ​ក្បាច់គុណ​បុរាណ​បាន​ជំរុញ​ឱ្យ​អ្នក​ប្រដាល់​ថៃ​បី​រូប​ចេញ​មក​បញ្ជាក់​អះអាងថា​ពួកគេ​កាន់​សញ្ជាតិ​ថៃ ក្រោយ​អ្នកគាំទ្រ​ប្រដាល់​កម្ពុជា​អះអាងថា​ពួកគេ​មាន​​ដើមកំណើត​ខ្មែរ​។​

​កាលពី​យប់​ថ្ងៃ​អង្គារ ទី​២៤ មករា សម្បត្តិ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា ដូនតា​ជនជាតិ​កួយ​របស់គេ​មាន​ទីលំនៅ​តាម​ជួរ​ភ្នំ​ដងរែក កន្លែង​ដែល​ព្រំដែន​ខ្មែរ ថៃ និង​ឡាវ ប្រសព្វ​គ្នា​។ ទោះ​យ៉ាង​​ណា រូបគេ​មិន​មាន​សញ្ជាតិ​ខ្មែរ​ទេ​។

​រូបគេ​បាន​សរសេ​រលើ​ហ្វេ​សប៊ុក​ថា “​ខ្ញុំ​មាន​សញ្ជាតិ​ថៃ​ជា​មួយ​ដើមកំណើត​ជនជាតិ​កួយ មិនមែន​ជា​ពលរដ្ឋ​ខ្មែរ​ដូច​មនុស្ស​មួយចំនួន​បាន​អះអាង​ទាំង​ច្រឡំ​នោះទេ​”​។

​មុន​ការអះអាង​ដូច្នេះ រូបថត​នៃ​អ្នក​ប្រដាល់​ពីររូប​ដែល​ពាក់ព័ន្ធ​នឹង​ការថត​បញ្ចេញ​ក្បាច់គុន​បុរាណ​បាន​ល្បី​ពេញ​អន​ឡាញ ដោយ​អ្នកខ្លះ​អះអាង​ថា​វា​ជា​គុន​បុរាណ​ល្បុក្កតោ​ខ្មែរ​។​

​ទោះយ៉ាងណា អ្នក​ប្រដាល់​អាជីព​ថៃ​ឈ្មោះ ប៉ាន​នូ​ពង់ តាន់​ចា​ដ (Panupong Tanjad) បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន​កាលពី​ថ្ងៃអ​ង្គា​រ​ថា​រូបថត​ល្បី​នោះ​គឺ​ផលិត​ដោយ​រូបគាត់​និង​​ប្អូនប្រុស ដែល​សង្ឃឹមថា​នឹង​បង្ហាញ​ក្បាច់គុន​មួយ​ថៃ​ក្នុង​ខេត្ត​សុរិន​។​

​គាត់​បានសរសេរថា គាត់​បាន​ហ្វឹកហាត់​អាជីព​ក្នុង​មួយ​ថៃ និង​ជា​អត្ត​ពលិក​មួយថៃ ហើយ​ជា​គ្រូបង្វឹក​អាជីព​មួយ​ថៃ​។

​ប៉ាន​នូ​ពង់​សរសេរថា “​ខ្ញុំ​មិនដែល​ហាត់​ក្នុង​ល្បុក្កតោ​ឬ​គុន​ខ្មែរ​ទេ​។ ប៉ុន្តែ​អ្នក​ប្រដាល់​ក្នុង​រូបថត​ជា​ប្អូនប្រុស​ខ្ញុំ​និង​ខ្ញុំ​នៅ​កន្លែង​ថតរូប​មួយ​ក្នុង​តំបន់​ក្រា​ផូ ស្រុក​ថា​ទុំ ខេត្ត​សុរិន​”​។​

​ជម្លោះ​នេះ​ផ្ទុះ​ចេញ​ពី​ការប្រកាស​ដោយ​កម្ពុជា​ថា អំឡុង​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា​ក្នុង​ខែឧសភា កីឡាប្រដាល់​ក្បាច់គុណ​នេះ​នឹង​ត្រូវ​ហៅ​ថា​គុន​ខ្មែរ​ជំនួស​ឱ្យ​មួយ​ថៃ​៕

ប៊ូ​ខាវ​ថា​រូបគេ​មិន​ជាប់​សាច់ឈាម​ជា​ខ្មែរ​ទេ