ដោយ: សុខុម / ស្ទឹងត្រែង: ពីមុន ផ្លូវដីស ក្រួសក្រហម មកដល់បច្ចុប្បន្ន ជាផ្លូវចាក់កៅស៊ូ ដែលតភ្ជាប់ស្ពាន ផ្លូវ លូ ពីក្រុងស្ទឹងត្រែង ឆ្ពោះទៅកាន់ទីរួមស្រុកសេសាន និងមានផ្លូវលំ នៅតាមបណ្ដាឃុំជាច្រើនខ្សែទៀត កាន់តែកៀករវាងទីប្រជុំជន និងតំបន់ដាច់ស្រយាល។

លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្ទឹងត្រែង បាននិយាយថាៈ សមិទ្ធផលតភ្ជាប់ផ្លូវ ទៅកាន់ស្រុកសេសាន និងផ្លូវជាច្រើនខ្សែទៀត ក្នុងខេត្តស្ទឹងត្រែង ឆ្នាំ២០២២ និងគម្រោងឆ្នាំ២០២៣ ដែលគ្រោងនឹងស្ថាបនា ជាបន្តទៀត បានជួយសម្រួលដល់ការធ្វើដំណើរ ពីតំបន់ជនបទ មកកាន់ទីរួមខេត្ត។ ការតភ្ជាប់ផ្លូវ ស្ពាន លូ ដែលជាសរសៃឈាមសេដ្ឋកិច្ច ក្នុងតំបន់នៅក្នុងស្រុកសេសាន ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅឃុំឆ្ងាយៗ ពីទីរួមខេត្ត មានការដាំដុះបន្លែ គ្រប់ប្រភេទ យកមកលក់នៅទីផ្សារ។ នៅតាមដងទន្លេសេសាន មានការរៀបចំឲ្យក្លាយ ជារមណីយដ្ឋានទេសចរណ៍។ ការធ្វើដំណើរទៅកម្សាន្ត នៅតាមរមណីយដ្ឋាន បង្កលក្ខណៈងាយស្រួល។ ជួយសម្រួលដល់កសិករ ដឹកកសិផល មកលក់នៅលើទីផ្សារ។ ការដឹកស្ត្រីពោះធំ ឬអ្នកជំងឺ កាន់តែងាយស្រួល និងប្រើរយៈពេលខ្លី មកកាត់មន្ទីរពេទ្យ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បាននិយាយថាៈ សារៈប្រយោជន៍ នៃការស្ថាបនាផ្លូវ នៅក្នុងស្រុកសរសាន និងឃុំមួយចំនួន ប្រជាពលរដ្ឋជាច្រើន ទទួលបានផលប្រយោជន៍ ក្រោយពីប្រមុខរាជរដ្ឋាភិបាល តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូន ក៏ដូចជា មូលនិធិឃុំ ដែលបានស្ថាបនាផ្លូវ លូ នៅក្នុងឃុំស្រុក មិនតែប៉ុណ្ណោះ ពិតជាបង្កលក្ខណៈងាយស្រួល ដល់គ្រប់វិស័យ។ បច្ចុប្បន្ននេះ ស្រុកសេសាន មានការអភិវឌ្ឍ ប្រែមុខមាត់ថ្មី មានផ្លូវ មានក្តីសង្ឃឹម៕/V-PC