ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ សហរដ្ឋអាម៉េរិកបាននិយាយកាលពីថ្ងៃពុធទី២៥មករាថា ខ្លួននឹងប្រគល់រថក្រោះប្រយុទ្ធធុនAbramsចំនួន៣១គ្រឿងដល់អ៊ុយក្រែនដើម្បីវាយបណ្តេញការឈ្លានពានរបស់រុស្ស៊ី ដោយធ្វើដូចគ្នានឹងសម្ពន្ធមិត្តអាល្លឺម៉ង់និងបំពេញបំណងប្រាថ្នាយូរមកហើយរបស់រដ្ឋាភិបាលទីក្រុងគៀវ។
អ៊ុយក្រែន ដែលសុំអង្វរអោយគេផ្តល់រថក្រោះលោកខាងលិចអស់ពេលជាច្រើនខែមកហើយបានស្វាគមន៍ការប្រកាសទ្វេកាលពីថ្ងៃពុធ តែប្រធានាអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គីបានសុំអោយប្រគល់វាលឿនៗបន្តិច។
ការផ្តល់រថក្រោះM1 Abramsក្នុងគោលបំណងជួយអ៊ុយក្រែនការពារទឹកដីរបស់ខ្លួន ដោយវាមិនជាការគំរាមចំពោះរុស្ស៊ីទេ នេះបើតាមអ្វីដែលប្រធានាធិបតី ចូ បៃដិន បាននិយាយក្នុងពេលប្រកាសផ្តល់កាលពីថ្ងៃពុធ។
ការប្រកាសផ្តល់នេះកើតឡើងតែប៉ុន្មានម៉ោងក្រោយពីអាល្លឺម៉ង់ បានយល់ព្រមប្រគល់និងអនុញ្ញាតអោយដៃគូប្រគល់រថក្រោះប្រយុទ្ធផលិតនៅអាល្លឺម៉ង់ Leopard 2sទៅអោយអ៊ុយក្រែន។
មិនដូចរថក្រោះអាល្លឺម៉ង់ទេ រថក្រោះAbramsរបស់អាម៉េរិកនឹងផលិតចេញក្រោមលុយជំនួយអ៊ុយក្រែន ជាជាងដកចេញចេញពីឃ្លាំង មានន័យថាពួកវានឹងមិនទៅដល់សមរភូមិក្នុងពេលឆាប់ៗអាចរាប់ខែនិងចូលដល់ឆ្នាំ។
អ្នកនាំពាក្យសន្តិសុខសេតវិមានលោក ចន ឃឺប៊ី បាននិយាយថា យោងតាមក្រសួងការពារជាតិ ជំនួយនេះមិនប៉ះពាល់រថក្រោះAbramsនៅក្នុងឃ្លាំងអាម៉េរិកទេ។ជំរើសផ្សេងទៀត អាចរួមមានការទិញវាថ្មីឬទទួលបានវាពីប្រទេសមួយផ្សេងទៀត។
ជំនួយរថក្រោះនេះជាផ្នែកនៃជំនួយមួយកញ្ចប់តំលៃ៤០០លានដុល្លារ ដែលរួមមានគ្រាប់រំសេវ យានយន្តគាំទ្រនិងគ្រឿងបរិក្ខារ ព្រមទាំងការហ្វឹកហាត់និងជួសជុលថែទាំ។
ជំនួយមួយកញ្ចប់នេះទៀតនាំអោយជំនួយអាម៉េរិកសរុបសំរាប់អ៊ុយក្រែនចាប់តាំងពីរុស្ស៊ីចូលឈ្លានពានប្រទេសក្បែរខាងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២កើនដល់ជាង២៧,១ពាន់លានដុល្លារ។
មន្ត្រីអាម៉េរិកម្នាក់បាននិយាយថា សហរដ្ឋអាម៉េរិកនឹងចាប់ផ្តើមកម្មវិធីបង្ហាត់ការប្រើប្រាស់និងថែទាំងរថក្រោះនេះ។បើតាមមន្ត្រីក្រសួងការពារជាតិអាម៉េរិកម្នាក់ រថក្រោះAbrams មានសត្ថភាពប្រយុទ្ធខ្ពស់ក្នុងសមរភូមិ និងស្មុគស្មាញណាស់។«ដូចគ្រឿងសព្វាវុធដទៃទៀតដែលយើងផ្តល់អោយអ៊ុយក្រែនដែរ យើងចង់ធានាថាពួកគេ អ៊ុយក្រែនមានលទ្ធភាពថែរក្សា ជួសជុលនិងប្រើវា»៕
Abramsបំពាក់កាំភ្លើងធំ១២០មីលីម៉ែត្រ និងកាំភ្លើង៥០និង៧,៦២មីលីម៉ែត្រ ជាមួយនឹងកម្លាំងម៉ាស៊ីន១.៥០០សេះ
អាម៉េរិកក៏សន្យាផ្តល់រថពាសដែក Strykerចំនួន៩០គ្រឿងនិងBradley ចំនួន១០៩គ្រឿង