ដោយៈ តារារិទ្ធ / ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ រាជរដ្ឋាភិបាល កំពុងពិចារណា កសាងអន្តេវាសិកដ្ឋាន សម្រាប់និស្សិតស្រី នៅតាមរាជធានី និងខេត្ត ស្នាក់ នៅរៀនសូត្រ យើងចង់ឲ្យធនធានមនុស្ស ជាស្រីមានច្រើន នៅកម្រិតឧត្តមសិក្សា។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថាៈ យើងកំពុងពិចារណាកសាងអន្តេវាសិកដ្ឋាន សម្រាប់និស្សិតជានារី ដែលស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត ដើម្បីឲ្យ និស្សិត ជាស្រ្តី អាចស្នាក់នៅ និងរៀនសូត្របាន ដែលយើងត្រូវរកវិធីដោះ ស្រាយ។

សម្តេច បានបន្តថាៈ ការវិនិយោគនេះ យើងនឹងទទួលផលត្រឡប់មកវិញបាន។ រាជរដ្ឋាភិបាល បានផ្ដោតការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ គឺដូចគ្នានឹងមាតាបិតា ផ្ដល់ចំពោះបុត្រាបុត្រីរបស់ខ្លួន។

សម្តេច បានបន្តទៀតថាៈ ការសិក្សា គឺជាទ្រព្យសម្បត្តិ , ចំណេះដឹង ចំណេះធ្វើ មិនអាចមានអ្នកណា លួចបាននោះទេ គឺកណ្តៀរ មិនកោរ កណ្តុរ ក៏មិនកាត់ ប៉ុន្តែទ្រព្យសម្បត្តិ ប្រសិនជាអគ្គិភ័យ និងធ្វើឲ្យបាត់បង់តែម្ដង។

សម្តេច បានបន្តថាៈ យើងមិនដែលឃើញបញ្ញាវន្ត ដែលដេកអត់បាយ នៅតាមផ្លូវ នោះទេ។ ដូច្នេះយើងត្រូវរួមគ្នា ដើម្បីដោះស្រាយបញ្ហា៕/V-PC