ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: ប្រមុខបេសកកម្មស៊ីហ្គេម ព្រុយណេ អ្នកស្រី Umi Kal Thum Haji Abdul Karim បានកោតសរសើរកម្ពុជាថា ត្រៀមខ្លួនបានលើសពីរួចរាល់ ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បើប្រៀបធៀបទៅនឹងប្រទេស ព្រុយណេ ដែលធ្លាប់ធ្វើម្ចាស់ផ្ទះ លើកដំបូងដូចគ្នា កាលពីឆ្នាំ១៩៩៩ គឺកម្ពុជា មានលក្ខណ:ទំនើប និងស្ដង់ដារអន្តរជាតិខ្ពស់។

ការលើកសរសើរបែបនេះ គឺនៅក្រោយបញ្ចប់កិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេមលើកទី១ កាលពីថ្ងៃទី២៥ មករា ម្សិលមិញនេះ ស្របពេលដែលកម្ពុជា រៀបចំកម្មវិធីរាប់ថយក្រោយ ១០០ ថ្ងៃ។ កិច្ចប្រជុំនេះ មានការចូលរួមពីបណ្ដានាយបេសកកម្មស៊ីហ្គេម សមាជិក អាស៊ានទាំងអស់។

អ្នកស្រី Umikal Thum Haji Abdul Karim បានបញ្ជាក់ថាៈ បន្ទាប់ពីអ្នកស្រី ធ្វើដំណើរមក ដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លើកនេះ ក៏មិនខុសពីលើកមុនៗដែរ គឺកម្ពុជាមានបដិសណ្ឋារកិច្ចល្អ ទាំងផ្នែកទទួលស្វាគមន៍ ការដឹកជញ្ជូន និងសន្តិសុខ។ នេះជាកិត្តិយស រំភើប និងមានអារម្មណ៍កក់ក្ដៅ សម្រាប់ខ្លួនឯង ដែលម្ចាស់ផ្ទះផ្ដល់ឲ្យ។

អ្នកស្រី បានបន្តថាៈ កិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម និងបានស្ដាប់នូវវឌ្ឍនភាពការងារ ផ្សេងៗ របស់គណ:កម្មការរៀបចំ ការប្រកួតនីមួយៗ យើងសង្កេតឃើញថា កម្ពុជាត្រៀម ខ្លួនលើសពីរួចរាល់ទៅទៀត។ ការស្នាក់នៅ ហូបចុក ដឹកជញ្ជូន រួមទាំងសេវាកម្មផ្សេងៗ គឺទំនើប ស្ដង់ដារ ហេតុនេះ អ្វីដែលសេសសល់ គឺរង់ចាំពេលវេលាប្រកួត ឈានចូលមកដល់។

សម្រាប់ស៊ីហ្គេមនៅកម្ពុជា ព្រុយណេ គ្រោងបញ្ជូនប្រតិភូ និងអត្តពលិក មកចូលរួមច្រើន ជាងស៊ីហ្គេមមុនៗ ។ កាលស៊ីហ្គេមលើកទី៣១ នៅវៀតណាម ព្រុយណេ បញ្ជូនអត្តពលិក ចូលរួមតែជាង ៤០ នាក់ប៉ុណ្ណោះ។ សម្រាប់ស៊ីហ្គេមនៅកម្ពុជា អ្នកស្រី រំពឹងថា នឹងបញ្ជូន អត្តពលិក មកប្រកួតច្រើនជាងនេះ គឺអាចក្នុងរង្វង់ ១១ ឬ ១២ ប្រភេទកីឡា៕ V / N