ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ករណីកើតជំងឺកូវីដ១៩ធ្ងន់ធ្ងរនៅចិនបានធ្លាក់ចុះ៧២ភាគរយធៀបនឹងពេលអ្នកជំងឺកូវីដ១៩ជោរជន់នៅតាមមន្ទីរពេទ្យខ្លាំងបំផុតកាលពីដើមខែនេះ នៅពេលចំនួនអ្នកជំងឺកូវីដស្លាប់បានធ្លាក់ចុះ៧៩ភាគរយធៀបនឹងចំនួនស្លាប់ខ្ពស់បំផុតកាលពីថ្ងៃ០៤មករា នេះបើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺចិនកាលពីថ្ងៃពុធ។
តួលេខដែលចុះផ្សាយក្នុងគេហទំព័ររបស់មជ្ឈមណ្ឌល កើតឡើងបន្ទាប់ពីអ្នកវិទ្យាសាស្ត្រសំខាន់ម្នាក់នៃរដ្ឋាភិបាលចិនបានអះអាងកាលពីចុងសប្តាហ៍ថា៨០ភាគរយក្នុងចំណោមប្រជាជនចិន១,៤ពាន់លាននាក់បានឆ្លងកូវីដ១៩រួចហើយ ។
សូមបញ្ជាក់ថាចិនបានបញ្ចប់គោលការណ៍គ្រប់គ្រងកូវីដដ៏តឹងរឹងរបស់ខ្លួនភ្លាមៗកាលពីដើមខែមុនក្រោយអនុវត្តវាអស់បីឆ្នាំជាហេតុនាំអោយមានការឆ្លងរាលដាលជំងឺពាសវាលពាសកាលនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតមួយនេះភ្លាមៗផងដែរ។
នៅពេលពួកមន្ត្រីបានអះអាងថាការឆ្លងជំងឺបានឡើងដល់កំពូលរួចហើយអ្នកជំនាញការសកលលោកខ្លះបានព្រមានអំពីលទ្ធភាពនៃការផ្ទុះជំងឺនេះឡើងវិញនៅតាមទីជនបទចិនក្រោយការធ្វើដំណើររបស់មនុស្សរាប់លាននាក់ពីបណ្តាទីក្រុងទីប្រជុំជនទៅកាន់ទីនោះដើម្បីជួបជុំគ្រួសារក្នុងអំឡុងពេលចូលឆ្នាំកាលពីប៉ុន្មានថ្ងៃមុននេះ។
ការបញ្ចប់ការអនុវត្តវុធានការប្រឆាំងកូវីដ១៩ភ្លាមៗនៅចិននាំអោយមេរោគជំងឺនេះវាយប្រហារក្រុមមនុស្សវ័យចាស់ចិនជាខ្លាំង
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺចិនកាលពីថ្ងៃពុធបាននិយាយថា ចំនួនអ្នកជំងឺកូវីដធ្ងន់ធ្ងរនៅចិនបានឡើងដល់១២៨.០០០នាក់កាលពីថ្ងៃ៤មករា និងបានធ្លាក់ចុះមកនៅត្រឹម៣៦.០០០នាក់កាលពីថ្ងៃ២៣មករា។ចំណែកចំនួនអ្នកជំងឺកូវីដស្លាប់នៅក្នុងមន្ទីរពេទ្យក្នុងពេលជាមួយគ្នា បានឡើងដល់៤.២៧៣នាក់ក្នុងមួយថ្ងៃកាលពីថ្ងៃ៤មករា តែបានធ្លាក់មកនៅ៨៩៦នាក់កាលពីថ្ងៃ២៣មករា។
មជ្ឈមណ្ឌលក៏បាននិយាយថា ចំនួនឆ្លងថ្មីបានឡើងហួស៧លាននាក់ក្នុងមួយថ្ងៃកាលពីថ្ងៃ២២ធ្នូ ៕
ចំនួនអ្នកជំងឺកូវីដ១៩ស្លាប់នៅតាមមន្ទីរពេទ្យបានធ្លាក់ចុះមកនៅ៨៩៦នាក់កាលពីថ្ងៃ២៣មករា គឺចុះជិត៨០ភាគរយក្រោយការស្លាប់ជាង៤.០០០នាក់ក្នុងមួយថ្ងៃកាលពីថ្ងៃ៤មករា