ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ក្រុមមន្ត្រីអាម៉េរិកបាននិយាយកាលពីថ្ងៃពុធទី២៥មករាថា ដូសជំរុញកូវីដ១៩ ដែលបានធ្វើបច្ចុប្បន្នភាពពីក្រុមហ៊ុន Pfizer Inc/BioNTech SE និង Moderna បានជួយទប់ស្កាត់ការឆ្លងមេរោគកូរ៉ូណាបំប្លែងខ្លួនដែលទាក់ទងនឹងពពួកអនុមេរោគបំប្លែង XBBដែលនេះផ្តល់នូវភស្តុតាងថ្មីនៃរបៀបដែលវ៉ាក់សាំងអនុវត្តប្រឆាំងនឹងមេរោគដែលរីករាលដាលយ៉ាងឆាប់រហ័សទាំងនេះ។
លោកវេជ្ជបណ្ឌិត ប្រេនដាន់ ជែកសុន (Brendan Jackson) ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាម៉េរិក (CDC)បានប្រាប់អ្នកយកព័ត៌មាននៅក្នុងបទសម្ភាសន៍មួយថា “ថ្ងៃនេះ យើងមានភស្តុតាងបន្ថែមដើម្បីបង្ហាញថា វ៉ាក់សាំងដែលបានធ្វើបច្ចុប្បន្នភាពទាំងនេះ កំពុងការពារមនុស្សប្រឆាំងនឹងប្រភេទកូវីដ១៩បំប្លែងចុងក្រោយបង្អស់”។
ផលិតឡើងកាលពីរដូវស្លឹកឈើជ្រុះចុងក្រោយ ដូសជំរុញដែលបានធ្វើបច្ចុប្បន្នភាពទាំងនេះបានកំណត់គោលដៅលើអនុមេរោគអូមីក្រុងបំប្លែង BA.4 និង BA.5 Omicronដែលឥឡូវលែងជាមេរោគលេចធ្លោតទៅទៀតហើយ។ មេរោគបំប្លែង XBB ដែលកំពុងលេចធ្លោនាពេលបច្ចុប្បន្ននេះ គឺកើតចេញមកពីកំណែ BA.2 នៃអូមីក្រុង។
លោកជែកសុនបាននិយាយថា ការសិក្សានៅមន្ទីរពិសោធន៍បានលើកឡើងថា ការការពាររបស់វ៉ាក់សាំងគឺទាបជាងចំពោះមេរោគបំប្លែង XBB បើប្រៀបធៀបជាមួយនឹងមេរោគបំប្លែងមុនៗដោយបង្កើតជាសំណួរអំពីរបៀបដែលវ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹងការលេចឡើងនៃមេរោគបំប្លែងថ្មីៗទាំងនេះឬអត់។
សម្រាប់ការសិក្សានេះ អ្នកស្រាវជ្រាវបានពិនិត្យករណីកូវីដ១៩ ចាប់ពីថ្ងៃទី ១ ខែធ្នូ ដល់ថ្ងៃទី ១៣ ខែមករា ជារយៈពេលដែលមេរោគ XBB និង XBB.1.5 បង្កើនចរាចរណ៍នៅសហរដ្ឋអាម៉េរិក។ CDC បាននិយាយថា ការសិក្សាបានបង្ហាញថា វ៉ាក់សាំងដែលបានធ្វើបច្ចុប្បន្នភាពបានជួយទប់ស្កាត់ការធ្លាក់ខ្លួនឈឺប្រហែលពាក់កណ្តាលនៃមនុស្ស ដែលបានទទួលវ៉ាក់សាំងកូវីដ ២ ទៅ ៤ ដូសរួចហើយ៕
វ៉ាក់សាំងដែលបានធ្វើបច្ចុប្បន្នភាពបានជួយទប់ស្កាត់ការធ្លាក់ខ្លួនឈឺប្រហែលពាក់កណ្តាលនៃមនុស្ស ដែលបានទទួលវ៉ាក់សាំងកូវីដ ២ ទៅ ៤ ដូសកាលពីមុន