ដោយៈ យោធិន / អាហ្វ្រិកកណ្តាលៈ កងយោធាមួកខៀវកម្ពុជា នៃកងឯកភាព វិស្វកម្មពហុជំនាញ ដែលបាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រ អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) បានផ្តល់អំណោយជាបរិក្ខារសម្ភារៈសិក្សា ដល់សិស្សានុសិស្ស ដែលជាកុមារកំព្រា ចំនួន ៦០០ នាក់ ក្នុងទីក្រុងប៊្រៀ (Bria) សាធារណរដ្ឋអាហ្វ្រិកកណ្តាល ។

ការផ្តល់អំណោយ ជាគ្រឿងបរិក្ខារ និងសម្ភារៈសិក្សាខាងលើនេះ ធ្វើឡើងស្របទៅ នឹងទិវាសិក្សាធិការអន្តរជាតិ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់ មន្ត្រី យោធា ស៊ីវិល និងអាណាព្យាបាលរបស់សិស្សានុសិស្ស ដែលជាក្មេងកំព្រា យ៉ាងច្រើនកុះករ។ នេះបើតាមសេចក្តីរាយការណ៍ ពីសំណាក់កងយោធាមួកខៀវ ប្រចាំទីក្រុងប៊្រៀ។

ក្នុងឱកាសជាមួយគ្នានេះដែរ តាមស្មារតីកិច្ចសហប្រតិប្រតិបត្តិការ ជាមួយមន្ត្រី អាជ្ញាធរមូលដ្ឋាន កងយោធាមួកខៀវកម្ពុជា ក៏បានផ្តល់អំណោយគ្រឿងឧបភោគ បរិភោគ រួមមានៈ ស្បៀងអាហារ និងទឹកសុទ្ធ ចែកជូនដល់ប្រជាពលរដ្ឋ ក្នុងតំបន់ ខាងលើនេះផងដែ។

ការចែកផ្តល់ជូននូវអំណោយ ជាគ្រឿងបរិក្ខារ សម្ភារៈសិក្សា ព្រមទាំងស្បៀង អាហារ និងទឹកសុទ្ធដល់ក្មេងកំព្រា ដែលជាសិស្សានុសិស្ស មន្ត្រី ស៊ីវិល អាជ្ញាធរដែនដី និងប្រជាជន គឺជាប្រការមួយទៀត សំដៅការបង្កើនកម្រិតកសាង សន្តិភាព ក្នុងស្រទាប់យុវវ័យ តាមរយៈការសិក្សា សំដៅសម្រេចបាននូវក្តីស្រមៃ របស់ពួកគេ ក្នុងគោលដៅឆ្ពោះរកភាពសុខសាន្ត នាពេលអនាគត៕ V / N