ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានប្រកាសកាលពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៣ ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនបី បើករោងចក្រស្បែកជើង ខោអាវ និង កាបូប នៅខេត្តតាកែវ និង កណ្តាល។
ប្រភពដដែលបានអះអាងថា ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានយល់ព្រមផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន NEW TARGET FOOTWEAR (CAMBODIA) CO., LTD លើ គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩៣៨កន្លែង។
ប្រភពដដែលបន្តថា នៅថ្ងៃដដែល ក្រុមហ៊ុន GOLDEN ISLAND GARMENTS (CAMBODIA) CO., LTD ក៏ត្រូវបានយល់ព្រមឲ្យវិនិយោគលើ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៣៥កន្លែង ហើយក្រុមហ៊ុន JIN LONG QUAN (CAMBODIA) CO., LTD វិញ គឺត្រូវបានអនុម័តលើ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង កាបូប និងមួក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨៨៣កន្លែង៕/PC