​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទីក្រុង​ដេ​ត្រ​យ​? ទេ​។ អាល្លឺម៉ង់​? ទេ​។ លោក អេ​ឡុន ម៉ាស មើលឃើញ​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​បំផុត​សម្រាប់​ក្រុមហ៊ុន Tesla នៅក្នុង​ប្រទេស​ចិន ជា​លំន​របស់​ក្រុមហ៊ុន​របស់គាត់ ដែល​គាត់​រំពឹងថា “​ទំនងជា​នឹង​ជាប់​លេខ​២” ផ្នែក​រថយន្ត​អគ្គិសនី​។​

​ប្រទេស​ចិន​គឺជា​ទីផ្សារ​ធំ​ទី​ពីរ​របស់​ក្រុមហ៊ុន Tesla Inc ដែល​មាន​ចំនួន​ប្រហែល ២ ភាគ ៣ នៃ​ការលក់​រថយន្ត​អគ្គិសនី​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០២២​និង​ជា​លំនៅ​របស់​រោងចក្រ​​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន Tesla ។​

​ចិន​ក៏​ជាទី​ផ្សារ​ដែល​បាន​ឱបក្រសោប​យក​រថយន្ត​អគ្គិសនី (EV)​និង​សម្បូរ​ទៅ​ដោយ​គូប្រជែង​លើ​ផ្នែក​រូបរាង​រថយន្ត​និង​តម្លៃ រួម​ទាំង​ក្រុមហ៊ុន​ចិន Xpeng, Nio និង BYD Co Ltd ផងដែរ​។​

​ដោយ​ចេញ​ផ្សាយ​លទ្ធផល​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ពុធ​ទី​២៥​មករា ក្រុមហ៊ុន Tesla បាន​និយាយថា ការកាត់បន្ថយ​តម្លៃ​យ៉ាងច្រើន​នាពេល​ថ្មីៗ​នេះ​កំពុង​ជំរុញ​តម្រូវកា​រហើយ​ថា​ក្រុមហ៊ុន​កំពុង​កាត់បន្ថយ​ការ​​ចំណាយ​ក្នុង​គោលបំណង​ដើម្បី​រីកលូតលាស់​ឆ្លងកាត់​អ្វី​ដែល​លោក​ម៉ាស​រំពឹងថា​នឹង​មាន​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៅ​ឆ្នាំនេះ​។​

​នៅពេល​សួរ​អំពី​ការ​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន Tesla លោក​ម៉ា​សបាន​ឆ្លើយតប​ថា​គាត់​គោរព​ក្រុមហ៊ុន​រថយន្ត​នៅក្នុង​ប្រទេស​ចិន ដោយ​ហៅ​វា​ជា​ទីផ្សារ​ប្រកួតប្រជែង​បំផុត​នៅក្នុង​ពិភពលោក​។ លោក​ម៉ាស​មិនបាន​កំណត់​អត្តសញ្ញាណ​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​ណាមួយ​ចំៗ​ឈ្មោះ​នោះ​ទេ​។​

​លោក​បាន​បន្តថា “​ពួកគេ​ធ្វើការ​ខ្លាំង​បំផុត ហើយ​ពួកគេ​ធ្វើការ​ឆ្លាត​បំផុត​។ ដូច្នេះហើយ យើង​ហ៊ាន​ទាយ​ថា​ប្រហែលជា​មាន​ក្រុមហ៊ុន​មួយ​ចេញ​ពី​ប្រទេស​ចិន​ទំនង​ក្លាយជា​ក្រុមហ៊ុន​ជាប់​លេខ​ពីរ​បន្ទាប់​ពី Tesla”​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័របាន​រាយការណ៍​ថា ថ្មីៗ​នេះ ក្រុមហ៊ុន Tesla បាន​ដំឡើង​ឋានៈ​ប្រធាន​ជនជាតិ​ចិន​លោក ថម ជូ (Tom Zhu) ឱ្យ​ដំណើរការ​រោងចក្រ​និង​ការលក់​នៅ​អាម៉េរិក​ខាង​​ជើង​និង​អឺរ៉ុប​។​

“​ក្រុម​របស់​យើង​កំពុង​ឈ្នះ​នៅក្នុង​ប្រទេស​ចិន​។ ហើយ​យើង​គិត​ថា​យើង​ពិតជា​អាច​ទាក់ទាញ​អ្នក​មាន​ទេពកោសល្យ​ល្អ​បំផុត​នៅក្នុង​ប្រទេស​ចិន​។ ដូច្នេះ​សង្ឃឹមថា​វា​នឹង​នៅតែ​បន្ត​”​។​

Tesla បាន​កាត់បន្ថយ​តម្លៃ​ជា​ការឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​ការប្រកួតប្រជែង​និង​ការធ្លាក់​ចុះ​តម្រូវការ​នៅក្នុង​ប្រទេស​ចិន​បន្ទាប់ពី​ការកាត់បន្ថយ​តម្លៃ​នៅក្នុង​សហរដ្ឋ​អាម៉េរិក​​និង​ទីផ្សារ​ផ្សេងទៀត​។​

​គួរបញ្ជាក់​ថា ក្រុមហ៊ុន Tesla បាន​រាយការណ៍​ជុំ​មួយទៀត​នៃ​ប្រាក់​ចំណេញ​ប្រចាំត្រីមាស​កាលពី​ថ្ងៃ​ពុធ​ទី​២៥​មករា ខណៈ​បញ្ជាក់​អំពី​ទស្សនវិស័យ​កំណើន​រយៈពេល​វែង​របស់​ខ្លួន​ទោះបីជា​មាន​ការព្រួយ​​បារម្ភ​អំពី​ការកើនឡើង​ការប្រកួតប្រជែង និង​បញ្ហា​ម៉ាក្រូសេដ្ឋកិច្ច​ក៏ដោយ​។​

​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី (EV)​របស់លោក អេ​ឡុន ម៉ាស បាន​រាយការណ៍​ពី​ប្រាក់ចំណេញ​នៅ​ត្រីមាស​ទី ៤ ចំនួន ៣,៧ ពាន់​លាន​ដុល្លារ គឺ​កើនឡើង ៥៩ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ប្រាក់ចំណូល​បាន​កើនឡើង ៣៧ ភាគរយ ស្មើនឹង ២៤,៣ ពាន់​លាន​ដុល្លារ​។​

​លទ្ធផល​នេះ​ត្រូវបាន​ជំរុញ​ដោយ​ការកើនឡើង ៣១ ភាគរយ​នៃ​ការ​ចែកចាយ​រថយន្ត បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕

លោក​ម៉ាស​ថា ជនជាតិ​ចិន​ធ្វើការ​ប្រឹង​ជាងគេ​និង​ឆ្លាត​ជាងគេ​បង្អស់​លើ​លោក​