ដោយៈ សុផល/ភ្នំពេញ៖ ជាមួយនឹងការបើកប្រទេសកាន់តែទូលំទូលាយរបស់បណ្តាប្រទេសនានាលើសកលលោក សម្រាប់កម្ពុជាចំនួន អ្នកទេសចរត្រូវបានរំពឹងថាមានការកើនឡើងក្នុងឆ្នាំ២០២៣នេះមានចំនួនប្រមាណ ជាងបួនលាននាក់ធៀបនឹង ២,២លាននាក់ ក្នុងឆ្នាំ២០២២ ។

ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានអន្តជាតិ SCA បានបង្ហាញនូវការព្យាករណ៍ថានៅឆ្នាំ២០២៣នឹងមាន ភ្ញៀវចំនួន ៤,៦លាននាក់នឹងធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ខណៈដែលកាលពី ឆ្នាំ២០២២ កន្លងទៅនេះមានភ្ញៀវចំនួន ២,២លាននាក់ ។

ការព្យាករណ៍នេះត្រូវបានលើកឡើងកាលពីព្រឹកថ្ងៃទី២៦ខែមករានៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំ ឆ្នាំ២០២២ របស់គណៈកម្មការតាមដាន និងត្រួតពិនិត្យលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញការសាងសង់អាកាស យានដ្ឋានអន្តរជាតិសៀមរាបនិងការសាងសង់អាកាសយានដ្ឋានដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយលោក តឹករ៉េត សំរេច រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ។

បន្ថែមពីលើការព្យាករណ៍ប្រកបដោយសុទិដ្ឋិនិយមនេះដែរ សម្រាប់ឆ្នាំ២០២៣គណៈកម្មការបានជំរុញឱ្យក្រុមហ៊ុន សម្បទានអាកាសយានដ្ឋាន SCA ក្នុងការវិនិយោគផ្សេងៗដើម្បីត្រៀមលក្ខណៈរួចរាល់របស់អាកាសយានដ្ឋានទាំងបី សំដៅធានាបាននូវសុវត្ថិភាព សន្តិសុខនិងសេវាកម្មប្រកបដោយផាសុខភាពក្នុងការបម្រើដល់អ្នកទេសចរដែលនឹង មកដល់កម្ពុជាជាបន្តបន្ទាប់នៅឆ្នាំ២០២៣នេះ៕សរន/R