ដោយ ៖ ង៉ាន់ វីន អ្នកស្ម័គ្រចិត្ត​កម្ពុជា​ខេត្តតាកែវ​/​ត្បូងឃ្មុំ​៖​ខ្ញុំ​ឈ្មោះ ង៉ាន់ វីន គឺជា​អ្នកស្ម័គ្រចិត្ត​កម្ពុជា​ខេត្តតាកែវ បាន​ចុះ​កម្មសិក្សា​ទៅកាន់​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម ខេត្ត​ត្បូងឃ្មុំ រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣​។ នៅពេល​ខ្ញុំ​ធ្វើដំណើរ​ទៅដល់​ការិយាល័យ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​ខ្ញុំ​សង្កេតឃើញ​ពី​ខាងក្រៅ ការិយាល័យ​មាន​ទីធ្លា​ធំ​ទូលាយ បរិយាកាស​ល្អ ព័ទ្ធជុំវិញ​ដោយ​ដំណាំ​ហូប​ផ្លែ និង​រុក្ខជាតិ​ជាច្រើន​ប្រភេទ​ទៀត​។ ចំណែក​ខាងក្នុង​ការិយាល័យ​មាន​ដាក់តាំង​រូបថត​ចំនួន​៥​ផ្ទាំង និង​ទូ​ដាក់​ឯកសារ​រាប់ម៉ឺន​ទំព័រ​។​

ការិយាល័យ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្មរ​ស្ថិតនៅ​ខេត្ត​ត្បូងឃ្មុំ​។​(​ង៉ាន់ វីន​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

នៅ​អំឡុងពេល​ចុះ​កម្មសិក្សា វ៉ី ស៊ីថា ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម ជូន​ខ្ញុំ​ទៅ​មើល​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះ​ថ្ម ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ ពី​ការិយាល័យ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​។ នៅ​ទីនោះ​មាន​ដាក់តាំង​ពិព័រណ៍​រូបថត ផ្ទាំងគំនូរ ផែនទី និង​ទូ​ដាក់​ឯកសារ​ជាច្រើន ដើម្បី​រំឭក​ខួប​លើក​ទី​៤៣​ឆ្នាំ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅរក​ការផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២​។

​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​បានបង្ហាញ​ខ្ញុំ​អំពី​ផែនទី​ត្រង់ចំណុច​ទីតាំង​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បញ្ជាការដ្ឋាន​វរ​សេនា​ធំ តំបន់​២១​។ នៅវេលា​ម៉ោង​៩:០០​នាទី​យប់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ សម្តេច​តេ​ជោ ហ៊ុន សែន រួមជាមួយ​សម​មិត្ត​បួនរូប​ទៀត​គឺ នុ​ច ថន​, ញឹក​ហួន​, ស៊ូ គឹម ស្រ៊ាង ហៅ សាញ់ និង វ៉ា ប៉ោ​អ៊ា​ន បាន​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ស្វែងរក​ជំនួយ​មក​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។ ប៉ុន្តែ ដោយសារ​ប្រទេស​វៀតណាម និង​ខ្មែរក្រហម​កំពុងមាន​ជម្លោះ​ប្រដាប់អាវុធ​ជាមួយគ្នា ធ្វើ​ឲ្យ​វៀតណាម​ពិបាក​ក្នុងការ​បែងចែក​រវាង​ជនភៀសខ្លួន និង​ទាហាន​ខ្មែរក្រហម​។​

​នៅក្នុង​ឱកាស​នោះ ខ្ញុំ​ក៏បាន​សិក្សា​ឈ្វេងយល់​អំពី​ទំនៀមទម្លាប់​របស់​ប្រជាជន​នៅ​ភូមិ​ក្ដុល​លើ ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ភាគច្រើន​គឺជា​ជនជាតិភាគតិច​ស្ទៀង​។ អ្នកភូមិ​បាន​និយាយ​រៀបរាប់​អំពី​ប្រវត្តិ​រោង​អ្នកតា​ស្រុក ស្ថិតនៅក្រោម​ដើម​ស្រឡៅ ក្នុងភូមិ​ក្ដុល​លើ ដែល​បច្ចុប្បន្ន​ដើម​ជ្រៃ​បាន​ដុះ​ព័ទ្ធ​ជុំជិត​ដើម​ស្រឡៅ​។ សព្វថ្ងៃ​អ្នកភូមិ​នៅតែមាន​ជំនឿ និង​គោរព​ទៅលើ​អ្នកតា​ស្រុក​ដដែល​។ អ្នកភូមិ​បាន​រៀបរាប់​បន្តថា មុន​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ប្រជាជន​តែងតែ​រៀបចំ​ពិធី​មួយ​ដើម្បី​បណ្ដេញ ឧបទ្រព អពមង្គល និង​គ្រោះ​ចង្រៃ​ចេញពី​ភូមិ​។ នៅក្នុង​ពិធី​នេះ ប្រជាជន​ប្រមូល​គ្នីគ្នា​កាន់ដំបង​គ្រប់​ដៃ​វាយ​សម្លាប់សត្វ​ណា​ដែល​បាន​ដើរ​ឆ្លងកាត់​ផ្លូវ ឬ​កាត់​ផ្ទះ ដូចជា មាន់ ទា ជ្រូក គោ ក្របី (​សព្វថ្ងៃ​ប្រជាជន​វាយ​សម្លាប់​តែ មាន់ និង ទា ប៉ុណ្ណោះ​) ព្រោះ​មានជំនឿថា សត្វ​ទាំងនោះ​ជា ព្រាយ​បិសាច ឬ​សត្វ​ចង្រៃ ព្រមទាំង​ដើរ​គោះ​តាម​ដើមឈើ និង​គោះ​ជញ្ជាំង​ផ្ទះ​ជាដើម​។​

​ក្រៅពីនេះ ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម បាន​នាំ​ខ្ញុំ​ទៅ​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ X-16 កន្លែង​ដើម​ទ្រយឹង​។ តម​ក ខ្ញុំ​ទៅ​មើល​វត្ត​ក្ដុល ឬ​ហៅថា វត្ត​ហ​ត្ថិ​វនា​រាម ស្ថិតនៅ​ភូមិ​ក្ដុល​ផ្សារ ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​គ្រោង​នឹង​រៀបចំ​កម្មវិធី​សុខភាព​តាមរយៈ​ការធ្វើ​សមាធិ​របស់​ចាស់ទុំ​នៅ​ថ្ងៃសីល ហើយ​លើកទឹកចិត្ត​គាត់​ឲ្យ​ចែករំលែក​បទពិសោធន៍​ឆ្លងកាត់​របប​ខ្មែរក្រហម​ទៅកាន់​ក្មេងជំនាន់ក្រោយ​។ ជា​ចុងក្រោយ ខ្ញុំ​បាន​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ជាពិសេស ការរស់នៅ​របស់​ប្រជាជន​នៅ​តំបន់​កោះ​ថ្ម​៕​សរន​

សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះ​ថ្ម​។​(​ង៉ាន់ វីន​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ទីស្នាក់ការ​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះ​ថ្ម​។​(​ង៉ាន់ វីន​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

វ៉ី ស៊ីថា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​ផែនទី​និង​រូបថត​។​(​ង៉ាន់ វីន​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

សាល​តាំង​ពិ​ព័រ​ណ៌​នៅ​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះ​ថ្ម​។​(​ង៉ាន់ វីន​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

វត្ត​ក្ដុល ឬ​វត្ត​ហ​ត្ថិ​វនា​រាម វត្ត​នេះ​ស្ថិត​ក្ដុល​ផ្សារ ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់​។​(​ង៉ាន់ វីន​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ទូ​ដាក់​ឯកសារ​នៅ​ការិយាល័យ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម ខេត្ត​ត្បូងឃ្មុំ​។ (​ង៉ាន់ វីន​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ពិព័រណ៍​រូបថត​នៅ​ការិយាល័យ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម ខេត្ត​ត្បូងឃ្មុំ​។ (​ង៉ាន់ វីន​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

តំបន់​ប្រវត្តិសាស្ត្រ X-16 ដើម​ទ្រយឹង​។​(​ង៉ាន់ វីន​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

រោង​អ្នកតា​ស្រុកក្រោម​ដើម​ស្រឡៅ នា​ក្នុងភូមិ​ក្ដុល​លើ​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​(​ង៉ាន់ វីន​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ងា​ន់ វីន គឺជា​អ្នកស្ម័គ្រចិត្ត​កម្ពុជា​ខេត្តតាកែវ អំឡុងពេល​ចុះ​កម្មសិក្សា​ទៅកាន់​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម ខេត្ត​ត្បូងឃ្មុំ