​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជំទាវ​ទី​មួយ​របស់​អ៊ុយ​ក្រែន​លោកស្រី អូ​ឡេ​ណា ហ្សេ​លេន​ស្កា (Olena Zelenska) បាន​មើល​ប្តី​របស់​លោកស្រី លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ដឹកនាំ​ប្រទេស​របស់​ពួកគេ​ឆ្លងកាត់​សង្គ្រាម​រយៈពេល ១១ ខែ ហើយ​ថ្ងៃនេះ​លោកស្រី​បាន​ជូនពរ​ថ្ងៃ​ខួបកំណើត​ដល់​គូស្នេហ៍​ពី​វ័យ​កុមារ​របស់​លោកស្រី​នៅក្នុង​សារ​បង្ហោះ​ដ៏​រំភើប​។​

​នៅក្នុង​សារ​បង្ហោះ​អបអរ​ខួបកំណើត​គម្រប់​អាយុ ៤៥ ឆ្នាំ​របស់​លោក​ហ្សេ​លេន​ស្គី លោកស្រី​ហ្សេ​លេន​ស្កា អាយុ ៤៤ ឆ្នាំ​បាន​និយាយថា ទោះបីជា​ហ្សេ​លេន​ស្គី​គឺជា​”​ក្មេងប្រុស​ដូចគ្នា​ដែល​ខ្ញុំ​បាន​ជួប​កាលពី​​យើង​មាន​អាយុ ១៧ ឆ្នាំ​ក៏​ដោយ​” ក៏​ប៉ុន្តែ​គាត់ “​ញញឹម​តិច​ជាង​មុន​ឥឡូវនេះ​” បន្ទាប់​ពី​ការឈ្លានពាន​ដ៏​ព្រៃផ្សៃ​របស់​រុស្ស៊ី ដែល​បាន​សម្លាប់​ជន​ស៊ីវិល​និង​ទាហាន​អ៊ុយ​ក្រែន​រាប់​ម៉ឺន​នាក់​។​

​ម្ដាយ​កូន​ពីរ​រូប​នេះ​បាន​បង្ហោះ​រូបថត​ខ្លួន​នៅក្នុង​ដៃ​របស់​លោក​ហ្សេ​លេន​ស្គី ខណៈ​លោកស្រី​សម្លឹង​មើល​ទៅ​មុខ​ញញឹម​ព​ព្រាយ​។ លោកស្រី​ហ្សេ​លេន​ស្កា​បានសរសេរថា​”​អូន​សូម​ជូនពរ​ឱ្យ​បង​មាន​ហេតុ​​ផល​ត្រូវ​ញញឹម​” ដោយ​បន្ថែម​ថា លោកស្រី​ដឹងថា​មានតែ​ជ័យជម្នះ​របស់​អ៊ុយ​ក្រែនទេ​ទើប​សម្រេច​រឿង​នេះ​បាន​។​

​លោកស្រី​ហ្សេ​លេន​ស្កា​បាន​និយាយ​អំពី​ស្វាមី​របស់​លោកស្រី​ដែល​បាន​ចាកចេញ​ពី​អាជីព​ជា​តារា​កំប្លែង​ទៅជា​អ្នកដឹកនាំ​សម័យ​សង្គ្រាម​ល្បី​ជា​អន្តរជាតិ យ៉ាង​ដូច្នេះ​ថា​”​អូន​តែង​ត្រូវ​គេ​សួរ​ជា​ញឹកញាប់​អំពី​​របៀប​ដែល​បង​បាន​ផ្លាស់ប្តូរ​យ៉ាងច្រើន​នៅ​ឆ្នាំ​នេះ​”​។​

​លោកស្រី​ហ្សេ​លេន​ស្កា​បានសរសេរថា “​ហើយ​អូន​តែងតែ​ឆ្លើយថា ៖ អូន​មិនបាន​ផ្លាស់ប្តូរ​ទេ​។ បង​ក៏​ដូចគ្នា​ដែរ​។ បង​ជា​បុរស​តែមួយ ដែល​អូន​បាន​ជួប​កាល​ពី​យើង​មាន​អាយុ ១៧ ឆ្នាំ​”​។​

​លោកស្រី​បាន​បន្ថែមថា “​ប៉ុន្តែ​តាម​ពិត​មាន​រឿង​មួយ​បាន​ផ្លាស់ប្តូរ ៖ បង​ញញឹម​តិចជាង​មុន ឥឡូវនេះ​”​។​

“​ឧទាហរណ៍​ជាក់ស្តែង​ដូច​នៅ​ក្នុង​រូបថត​នេះ​…​ហើយ​បង​ដឹង​ថា​ថី​បានជា​អ៊ីចឹង​។ យើងទាំងអស់គ្នា​បាន​ដឹង​”​។​

“​បង​មានការ​ប្តេជ្ញាចិត្ត​គ្រប់គ្រាន់​។ រឿង​ចម្បង​គឺ​ថា​បង​មាន​សុខភាព​ល្អ​គ្រប់គ្រាន់​។ ដូច្នេះ​សូម​ឱ្យ​បង​មាន​សុខភាព​ល្អ​! អូន​ចង់​ញញឹម​ជាមួយ​បង​ជា​និច្ច​។ សូម​ផ្តល់​ឱកាស​នេះ​ឱ្យ​អូន​ផង​!”៕

​លោកស្រី​ហ្សេ​លេន​ស្កា​ជូនពរ​យ៉ាង​រំភើប​ដល់​លោក​ហ្សេ​លេន​ស្គី​នៅ​ថ្ងៃ​ខួប​គម្រប់ ៤៥ ឆ្នាំ​កាល​ពី​ថ្ងៃ​ពុធ​ទី​២៥​មករា