ដោយៈ វ៉ៃកូ / ស្វាយរៀង: លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន ដូចខាងក្រោម៖ ១.រដ្ឋបាលសាលាខេត្ត ត្រូវត្រៀមលក្ខណៈរៀបចំកម្មវិធីប្រជុំ បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។ ២.អាជ្ញាធរ ក្រុង-ស្រុក ត្រូវពង្រឹងការការនុវត្តការគ្រប់គ្រងដីរដ្ឋឱ្យមានប្រសិទ្ធភាព។ ៣.ត្រូវបន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ជាពិសេសដូសទី៣ ដូសទី៤ ដូសទី៥ និងដូសទី៦ ។ ៤.អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការអនុវត្តភូមិ-ឃុំមានសុវត្ថិភាព ឱ្យបានល្អ ក្នុងមូលដ្ឋានរបស់ខ្លួន។ ៥.រដ្ឋបាលក្រុង-ស្រុក ត្រូវជំរុញការរៀបចំផែនកាថវិកាឃុំ សង្កាត់ ឱ្យបានឆាប់រហ័ស។ ៦.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋាន។ ៧.បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់។ ៨.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់ បងប្អូនប្រជាពលរដ្ឋ ឱ្យអស់ពីលទ្ធភាព នៅក្រៅប្រព័ន្ធតុលាការ៕/V/R