ដោយៈ សុផល / ភ្នំពេញ៖ គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ គិតរហូតមកទល់ពេលនេះ ​សម្រេចវឌ្ឍភាព ការងារបាន ៨០% ហើយ ដែលក្នុងនោះរួមមាន អគារច្រកទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ​អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រ ផងដែរ។ នេះបើយោងតាមប្រភពក្រសួងសាធារណការ។

ទាក់ទងនឹងរឿងនេះ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោកបណ្ឌិត យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ស្ទឹងបត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយគណៈប្រតិភូ អញ្ជើញមកពី ធនាគារពិភពលោក (World Bank) ដោយមានការចូលរួមផងដែរ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ លើប្រព័ន្ធលំហូរឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ តាមរបត់ SSI (Single Stop Inspection) ។

នៅក្នុងឱកាសនេះដែរ លោក រដ្ឋលេខាធិការ បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន ទីប្រឹក្សាគម្រោង ធ្វើបទបង្ហាញជូនអង្គប្រជុំ​ឱ្យបានជ្រាបពីព័ត៌មានសំខាន់ៗ រួមមានដូចជា៖ (១) ប្លង់ទិដ្ឋភាពរួមនៃគម្រោងទាំងមូល (២) វិសាលភាពនៃផ្ទៃដី ទីតាំងគម្រោង (៣) ទំហំការងារ (៤) លំហូរនៃការពិនិត្យយានយន្តឆ្លងដែន (៥) បែបបទសម្រាប់យានយន្តចូល និង (៦) បែបបទសម្រាប់យានយន្តចេញ។

បន្ថែមពីលើនេះទៅទៀត លោករដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានពន្យល់បន្ថែម អំពីចក្ខុវិស័យនៃគម្រោង ដែលក្រសួង​រំពឹងដែរថា បន្ទាប់ពីគម្រោងនេះ ដាក់ឱ្យដំណើរការ តំបន់ប៉ោយប៉ែត នឹងប្រែក្លាយជាតំបន់អភិវឌ្ឍន៍មួយ យ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើត ជាសក្តានុពលរូបវ័ន្ត ដ៏រឹងមាំសម្រាប​ទ្រទ្រង់​ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេស នៃមហាអនុតំបន់ទន្លេមេគង្គ។

បន្ទាប់ពីបានពិនិត្យលើបទបង្ហាញ និងវឌ្ឍនភាពការងារនានា ទាក់ទងនឹងគម្រោង ខាងលើ ធនាគារពិភពលោក បានលើកឡើងពីនីតិវិធី និងការសម្របសម្រួល ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរឆ្លងកាត់តាមព្រំដែន តាមរយៈការអនុវត្តអនុស្ស រណៈ និងកិច្ចព្រមព្រៀងផ្សេងៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច តាមរយៈ ការដឹកជញ្ជូន នៅក្នុងប្រទេស និងតំបន់៕ V / N