ដោយៈ ទេព មង្គល / សៀមរាបៈ ការរៀបចំសណ្តាប់ធ្នាប់ទេសចរណ៍ នៅតាមប្រាសាទ ជាការងារអាទិភាពមួយ ដែលអាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាដល់ការលើកតម្លៃបេតិកភណ្ឌ ការថែរក្សាសណ្តាប់ធ្នាប់ និងបញ្ចៀសរាល់ ការកកស្ទះ និងហានិភ័យផ្សេងៗ ចំពោះប្រាង្គប្រាសាទ ក៏ដូចជាភ្ញៀវទេសចរ ចូលទស្សនាប្រាង្គប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ។ នេះបើយោងតាមប្រភព ពីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២៦ មករា នេះ ។

ក្រុមអ្នកបច្ចេកទេស នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ កំពុងយកចិត្តទុកដាក់ ពង្រឹងការងាររៀបចំទិសដៅទស្សនានៅតាម ប្រាសាទនានា ដោយធ្វើការដាក់បង្ហាញ ស្លាកព័ត៌មានទូទៅ ស្លាកសញ្ញាបង្ហាញទិស សម្រាប់ដើរទស្សនា និងស្លាកសញ្ញា ហាមឃាត់ និងស្លាកសញ្ញាពាក់ព័ន្ធដទៃទៀត នៅតាមបណ្តាទីតាំងសំខាន់ៗមួយចំនួន ក្នុងបរិវេណប្រាសាទ។

ក្រៅពីនេះ ដោយសារប្រាង្គប្រាសាទបុរាណទាំងអស់ សុទ្ធតែមានអាយុកាលរាប់ពាន់ ឆ្នាំមកហើយ មានកន្លែងខ្លះ ត្រូវបាក់ បែកខូច កន្លែងខ្លះសឹករអិល។ ពិសេសនៅតាម ជណ្តើរឡើង-ចុះដែលមានសភាពចោតខ្លាំង ក្រុមការងារបានធ្វើកម្រាលក្តារ និងជណ្តើរឈើជំនួស ដើម្បីសម្រួលដល់ការធ្វើដំណើរចូលទស្សនារបស់ភ្ញៀវ ប្រកបដោយសុវត្ថិភាព។

អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ ដែលចូលមកទស្សនា ប្រាង្គប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ សូមមេត្តាគោរពនូវ ក្រមប្រត្តិបត្តិអង្គរ និងស្លាកសញ្ញាផ្សេងៗ នៅតាមប្រាសាទ ដើម្បីធានាបាននូវ សុខសុវត្ថិភាព សេចក្តីថ្លៃថ្នូ ព្រមទាំងលើកតម្លៃបេតិកភណ្ឌអង្គរផង៕ V / N