ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហសផ្ទៃ បានធ្វេីលិខិតជម្រាបទៅ​លោកស្រី អ៊ុក ឆាយ៉វី ប្រធានសមាគមគ្រូបងៀនកម្ពុជាឯករាជ្យ ស្តីពីករណីការធ្វើបាតុកម្មរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបាន​ពិនិត្យ​ឃើញថា សមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ បានដឹក​នាំក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់លើទ្រូងផ្លូវសាធារណៈក្បែរទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលធ្វើឱ្យ​ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបានធ្វើការដង្ហែ​ក្បួន​ដោយថ្មើរជើង ដើម្បីទៅដាក់ញត្តិនៅសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្តី ដែលជាសកម្មភាព​បំពាននឹងស្មារតី នៃកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដូចបញ្ជាក់ក្នុងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ និងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

ដូច្នេះ ក្រសួងមហាផ្ទៃសូមធ្វើការរំលឹកដល់សមាគមគ្រូ​បង្រៀន​កម្ពុជាឯករាជ្យ ត្រូវធ្វើសកម្មភាព ឱ្យបានត្រឹមត្រូវតាមការកំណត់​ក្នុង​លក្ខន្តិកៈដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំង​បទប្បញ្ញត្តិ នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន​ផងដែរ។ ទន្ទឹមនេះដែរ សមាគមត្រូវជូនដំណឹងជាលាយលក្ខណ៍​អក្សរ អំពីព័ត៌មានរាល់គណនីដែលត្រូវបើកសម្រាប់កិច្ច​ប្រតិបត្តិការ​របស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍បូក សរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។ ក្នុងករណីសមាគមមិនអនុវត្តតាមស្មារតីនៃលិខិតនេះ ក្រសួងមហាផ្ទៃនឹងចាត់ វិធានការតាមផ្លូវច្បាប់ជាធរមាន៕ សរន / N