ដោយៈ ប.ខុន / ភ្នំពេញៈ ស្ពានថ្មចំនួន ៩កន្លែង នៅលើផ្លូវ៧០ប៊េ ក្នុងភូមិសាស្ត្រ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពុងត្រូវបានធ្វើការសាងសង់ ដោយក្រុមហ៊ុនប៉េងហួត ជំនួសស្ពានឈើ និងស្ពានថ្មចាស់ ដែលខូចទ្រុឌទ្រម បន្ទាប់ពីផ្លូវនេះត្រូវបានសាងសង់ ជាផ្លូវបេតុង និងផ្លូវកៅស៊ូ ដោយនៅផ្នែកខ្លះ ធ្វើដោយថវិកាជាតិ និងនៅផ្នែកខ្លះ សាងសង់ដោយជំនួយរបស់ ក្រុមហ៊ុនប៉េងហួត រួចមក។
លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បាន ប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ថាៈ ផ្លូវលេខ៧០ប៊េ រត់ស្រប ខាងកើតដងទន្លេមេគង្គ ចាប់តាំងពីគល់ស្ពានព្រែកតាមាក់ រហូតដល់ស្រុកកោះសូទិន ខេត្តកំពង់ចាម បានក្លាយពីផ្លូវដី ទៅជាផ្លូវកៅស៊ូ និងផ្លូវបេតុងអស់ហើយ នៅក្នុងរយៈ ពេល ចុងក្រោយនេះ។ ផ្លូវនេះ នៅផ្នែកខ្លះ សាងសង់ឡើង ដោយជំនួយរបស់ក្រុមហ៊ុន ប៉េងហួតកន្លែងខ្លះ សាងសង់ដោយកងវិស្វកម្ម និងកន្លែងខ្លះ សាងសង់ ដោយមន្ទីរសាធារណការ។
លោកប្រធានមន្ទីរ បាននិយាយឱ្យដឹងទៀតថាៈ ផ្លូវជាតិលេខ៧០ប៊េ ចាប់ពីប្រធាតុ (ព្រំប្រទល់ត្បូងឃ្មុំ) ដល់តាឯក (ព្រំប្រទល់ខេត្តកណ្តាល) មានប្រវែងសរុបជាង ៦០ គីឡូម៉ែត្រ សាងសង់ជាផ្លូវបេតុង ដោយក្រុមហ៊ុនប៉េងហួត ប្រវែង ១៥ គីឡូម៉ែត្រ ផ្លូវបេតុង កៅស៊ូ សាងសង់ដោយក្រុមហ៊ុនប៉េងហួត ៥ គីឡូម៉ែត្រ មានស្ពានសរុប ២០ កន្លែង ក្នុងនេះ មានស្ពានបាឡេ ៣ កន្លែង ស្ពានបេតុង ៦ កន្លែង ស្ពានបេតុងសាងសង់ថ្មី ដោយមន្ទីរសាធារណការខេត្ត ចំនួន ២ កន្លែង និង ៩ កន្លែង កំពុងសាងសង់ដោយ ក្រុមហ៊ុនប៉េងហួត។
លោក ស៊ឹម គង់ អភិបាលស្រុកស្រីសន្ធរ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ថាៈ ក្រុមហ៊ុនប៉េងហួត កន្លងទៅនេះ បានជួយធ្វើការអភិវឌ្ឍច្រើន នៅក្នុងស្រុកស្រីសន្ធរ ជាពិសេសជួយសាងសង់ផ្លូវ ក្នុងមូលដ្ឋាន និងផ្លូវជាតិលេខ៧០ប៊េ ជាបេតុង បានដល់ជាង ២០ គីឡូម៉ែត្រ និង ពេលនេះក្រុមហ៊ុន កំពុងជួយសាងសង់ ស្ពានបេ តុងថ្មី ចំនួន ៩ កន្លែង ជំនួសស្ពានឈើ និងស្ពានបេតុងចាស់ ខូចទ្រុឌទ្រោម។
លោកអភិបាលស្រុក បានបញ្ជាក់ថាៈ ស្ពានបេតុងថ្មីទាំង ៩ កន្លែង ដែលកំពុងសាងសង់ ដោយ ក្រុមហ៊ុនប៉េងហួត គ្រោងនឹងធ្វើឱ្យហើយរួចរាល់ នៅក្នុងខែកុម្ភៈខាងមុខនេះ។ ការធ្វើចរាចរតាមផ្លូវលេខ៧០ប៊េ សព្វថ្ងៃនេះ មានភាពងាយស្រួលណាស់ ចាប់តាំងពីគល់ ស្ពានព្រែកតាមាក់ រហូតដល់ស្ពាន់គីហ្សូណា ជាផ្លូវបេតុង និងផ្លូវកៅស៊ូ ទាំងអស់ហើយ ៕ V / N