ដោយៈ ទេព មង្គល / សៀមរាបៈ បើយោងតាមប្រភពពីអាជ្ញាធរជាតិអប្សរា បានឱ្យដឹង នៅថ្ងៃទី២៥ ខែមករាថាៈ គម្រោងអភិរក្ស និងជួសជុសជ្រុងខាងជើងប្រាសាទ ភ្នំបាខែង ដែលអនុវត្តន៍គម្រោងដោយ​មូលនិធិប្រាសាទពិភពលោក (World Monuments Fund) កំពុងបន្តទៅមុខ ដែលមកដល់បច្ចុប្បន្ន គម្រោងសម្រេច បានប្រមា ណ ៥០ ភាគរយហើយ។

លោកស្រី Ginevra Boatto អ្នកទទួលខុសត្រូវ នៃគម្រោងអភិរក្សរបស់ WMF បានឱ្យដឹងថាៈ គម្រោងជួសជុល នៅជ្រុងខាងជើង ប្រាសាទភ្នំបាខែង ជំហានទី៣ អនុវត្តន៍ពីឆ្នាំ២០១៩ ដែលមកដល់ បច្ចុប្បន្ននេះ សម្រេចបាន ៥០ ភាគរយហើយ។
លោកស្រី បានបញ្ជាក់ថាៈ ការងារនេះ អាចចំណាយពេលខ្ទង់ ៦ ឆ្នាំទៀត ដើម្បីរួចរាល់ ជាស្ថាពរ។ មិនខុសពីប្រាសាទដទៃទៀតដែរ ប្រាសាទភ្នំបាខែង រងការខូចខាត ដោយសារកត្តាពេលវេលា អាកាសធាតុ ដែលធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទនេះ ខូចខាត និងទ្រេត ហើយកន្លែងខ្លះ រលំផងដែរ ដូចជានៅតាមជ្រុងនីមួយៗ ដោយសារមានទឹក ហូរច្រោះ។ ការជួសជុល គេត្រូវកាយថ្មនៅបាតគ្រឹះចេញ ដោយបុកបង្ហាប់ គ្រឹះថ្មី និងធានាថា ទឹកមិនហូរច្រោះតទៅទៀត។ ក្រៅពីនោះ ក៏មានការជួសជុលតួប៉ម នៅតាមជ្រុងនីមួយៗ ផងដែរ ដែលបានបាក់ និងដួលរលំ។ល។

អ្នកទទួលខុសត្រូវ នៃគម្រោងអភិរក្សរបស់ WMF បានបញ្ជាក់ថាៈ គម្រោងអភិរក្ស និងជួសជុលប្រាសាទ ភ្នំបាខែង ដែលជាគម្រោងកិច្ចសហប្រតិបត្តិការ ជាមួយ អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមពីឆ្នាំ២០០៩មក។ ហើយនៅជំហានបន្ទាប់ WMF នឹងគិតគូរជួយអភិរក្សប្រាសាទដទៃទៀត ក្នុងតំបន់រមណីយដ្ឋានអង្គរ។

បន្ទាប់ពីមានវត្តមាន នៅខេត្តសៀមរាប ជាង ៣០ឆ្នាំមក WMF បានជួយកិច្ចអភិរក្ស នៅប្រាសាទមួយចំនួន ដូចជា ប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែង ជាដើម៕ V / N