ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ នាយកប្រតិបត្តិក្រុមហ៊ុនToyota Motor Corpនឹងលាឈប់ពីមុខតំណែងនាយកក្រុមហ៊ុនដែលចៅទួតរបស់លោកបានបង្កើតឡើង ដោយប្រគល់តួនាទីនេះទៅប្រធានសាខាក្រុមហ៊ុនប្រណិតរបស់ខ្លួន នៅពេលក្រុមហ៊ុនតស៊ូនឹងបរិយាកាសនិងនិន្នាការងាកទៅរករថយន្តអគ្គិសនី នេះបើតាមការប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃព្រហស្បតិ៍ទី២៦មករា។
លោកកូជី សាតុ(Koji Sato)អាយុ៥៣ឆ្នា ដែលជានាយផ្នែករថយន្តប្រណិត Lexusនឹងចូលជំនួសតំណែងនាយកប្រតិបត្តិនេះចាប់ពីថ្ងៃ១មេសា និងនាយកក្រុមហ៊ុនបច្ចុប្បន្ន លោកអាគីអុ តូយ៉ូដា(Akio Toyoda )នឹងក្លាយជាប្រធានធំ។
ប្រធានធំបច្ចុប្បន្នលោក តាកេស៊ី អ៊ូជីយ៉ាម៉ាដា(Takeshi Uchiyamada)នឹងលាឈប់ តែនៅក្នុងគណៈកម្មាធិការនាយក។
នាយកក្រុមហ៊ុន Toyota Motor Corp. លោកអាគីអុ តូយ៉ូដា
បញ្ហាថាតើនរណានឹងចូលជំនួសលោក តូយ៉ូដា អាយុ៦៦ឆ្នាំកាន់តែចាប់អារម្មណ៍ក្នុងចំណោមអ្នកវិនិយោគ តែពេលវេលាប្រកាសដោះដូរនេះជាការភ្ញាក់ផ្អើលមួយ។
នៅក្រោមលោកតូយ៉ូដា ក្រុមហ៊ុនប្រកាន់យកមធ្យោបាយសន្សឹមៗមួយចំពោះរថយន្តអគ្គិសនី ដោយថា បច្ចេកវិទ្យាកូនកាត់( hybrid)ដែលក្រុមហ៊ុនត្រួសត្រាយផ្លូវជាមួយនឹងការបង្កើតរថយន្តព្រូសPriusនឹងនៅតែមានសារសំខាន់ គួបផ្សំនឹងការវិនិយោគលើរថយន្តដើរដោយថាមពលអ៊ីដ្រូសែន។តែមធ្យោបាយនេះនាំអោយមានការរិះគន់ពីអ្នកវិនិយោគ និងសកម្មជន។
លោកតូយ៉ូដា បាននិយាយថា បេសកកម្មរបស់លោកសាតុ នឹងប្រែក្លាយក្រុមហ៊ុនToyotaទៅជា«ក្រុមហ៊ុនចល័ត»មួយ តែលោកមិនបានបញ្ជាក់លម្អិតទេ។
ចំណែកលោកសាតុ បាននិយាយថា លោកតូយ៉ូដា បានសុំប្រគល់តំណែងនាយកប្រតិបត្តិនេះដល់លោកកាលពីចុងឆ្នាំក្នុងពិធីរបស់Toyotaមួយនៅថៃ ។
សាតុបាននិយាយថាលោកតូយ៉ូដាបានសួរលោកថា«តើអ្នកអាចធ្វើជានាយកទេ?ខ្ញុំអត់ដឹងឆ្លើយតបយ៉ាងម៉ិច។ខ្ញុំបានគិតថាវាគ្រាន់តែជាការនិយាយលេងសើច»។
កាលពីថ្ងៃព្រហស្បតិ៍លោកតូយ៉ូដា បាននិយាយថាលោកជ្រើសយកលោកសាតុពីព្រោះ«គាត់ខិតខំធ្វើការដើម្បីរៀនទស្សនវិជ្ជាToyota។នាយកប្រតិបត្តិទាមទារយុវភាព ថាមពលនិងភាពស្វាហាប់»។
លោកសាតូ បានចាប់ផ្តើមអាជីពនៅToyotaនៅឆ្នាំ១៩៩២ មុនឡើងឋានៈបន្តបន្ទាប់និងក្លាយជាប្រធានវិស្វកម្មក្រុមហ៊ុនរថយន្តប្រណិតLexus Internationalដែលជាសាខារបស់Toyotaនៅឆ្នាំ២០១៦។លោកបានកាន់តំណែងប្រធានLexus International និង Gazoo Racing Companyដែលជាប្រ៊ែនរថយន្តស្ព័ររបស់Toyotaចាប់តាំងពីឆ្នាំ២០២០មក៕
លោកកូជី សាតុ(ឆ្វេង)និងលោកអាគីអុ តូយ៉ូដា(ស្តាំ)