ដោយៈ ទេព មង្គល / សៀមរាបៈ ចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ មក អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំណើរការរៀបចំធ្វើកម្រាលផ្លូវដើរ នៅមុខប្រាសាទ អង្គរវត្ត ក្នុងគោលដៅកាត់បន្ថយភាពសឹករិចរឹលរបស់ថ្ម និងគ្រប់គ្រងលំហូររបស់ ភ្ញៀវទេសចរ ចូលមកទស្សនាក្នុងប្រាសាទ ឱ្យមានភាពល្អប្រសើរ។ នេះបើយោងតាម ប្រភពពីអាជ្ញាធរជាតិ អប្សរា បានឱ្យដឹងនៅថ្ងៃទី២៥ ខែមករា នេះ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរ ជាតិអប្សរា បានមានប្រសាសន៍ថាៈ គោលដៅចម្បង នៃការរៀបចំកម្រាលផ្លូវដើរ នៅបរិវេណប្រាសាទអង្គរវត្តនេះ ដើម្បីកាត់បន្ថយភាពសឹករិចរឹលនៃថ្មប្រាសាទ ដោយសារកន្លងមក ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ បណ្តាលឱ្យមានភក់ជាប់មក ជាមួយ នូវបាតស្បែកជើង ជាហេតុនាំយកដី ទាំងនោះទៅកកិតជាមួយនឹងថ្ម។ ម្យ៉ាងទៀត គឺដើម្បីគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរ ឱ្យសមរម្យ ចៀសវាងការដើរនៅលើស្មៅ និងលើដី រក្សាបានរបៀបរៀបរយ និងរួមចំណែកលើកកម្ពស់ សោភ័ណភាពប្រាសាទ អង្គរវត្ត ឱ្យមានភាពបៃតង គ្រប់រដូវកាល។

លោកបានបន្តទៀតថាៈ គម្រោងរៀបចំកម្រាលផ្លូវដើរ នៅប្រាសាទអង្គរវត្ត ត្រូវបានអនុវត្ត ចំនួន ៣ ដំណាក់កាល ដោយដំណាក់កាលទី១នេះ អាជ្ញាធរជាតិអប្សរា ទទួលបានថវិកាឧបត្ថម្ភ ពីមូលនិធិរបស់ GIZ ក្រោមការសម្រួលរបស់ អង្គការយូណេស្កូ ប្រចាំប្រទេសកម្ពុជា សម្រាប់រៀបចំកម្រាលផ្លូវដើរ មានប្រវែងសរុប ៤៧៦ ម៉ែត្រ។ ជំហានដំបូង ដំណើរការរៀបចំកម្រាល សម្រេចលទ្ធផលប្រមាណ ៦០ ភាគរយហើយ មកដល់ពាក់កណ្តាលខែមករានេះ ដោយរំពឹងថា នឹងអាចរួចរាល់ជាស្ថាពរ នៅចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ។

លោកបានបន្តទៀតថាៈ កម្រាលផ្លូវដើរថ្មី ដែលអាជ្ញាធរជាតិអប្សរា ធ្វើការរៀបចំនេះ មានចំនួន ៤ កន្លែងផ្សេងគ្នា ចំណែកកម្រាលឈើចាស់ ក៏នៅរក្សាទុកដដែល។
អាជ្ញាធរជាតិអប្សរា មានក្តីសង្ឈឹមថា ក្រោយពេលរៀបចំកម្រាលផ្លូវថ្មីរួចរាល់ ភ្ញៀវទេសចរ ទាំងអស់ និងធ្វើដំណើរនៅលើកម្រាលផ្លូវនេះ ចៀសវាងការដើរជាន់លើវាលស្មៅ និងចូលរួមគោរព ទៅតាមក្រមប្រត្តិបត្តិអង្គរ។ ក្នុងនោះដែរ ក៏សូមសំណូមពរដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមថែរក្សាបរិស្ថាន នៅក្នុងតំបន់រមណីយដ្ឋាន អង្គរទាំងអស់គ្នា ដោយដាក់សំរាម ក្នុងធុងសំរាម ឱ្យបានត្រឹមត្រូវ៕ V / N