ដោយ: បូកគោ / កំពត: ថ្នាក់ដឹកនាំខេត្តកំពត បានជំរុញដល់យុវជន ដែលជាអ្នកបន្តវេន ត្រូវយកចិត្តទុកដាក់ ដោយសិក្សាឈ្វេងយល់ អំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ឲ្យបានច្បាស់លាស់ ដើម្បីអាចប្រកួតប្រជែង ក៏ដូចជាស្វែងរកភាពជោគជ័យ សម្រាប់ខ្លួន និងសង្គមជាតិ នាពេលអនាគត។
ក្នុងវេទិកាយុវជន និងការងារលើវិស័យទេសចរណ៍ ក្នុងបរិបទឧស្សាហកម្មឌីជីថល ៤.០ នៅសាលសន្និសីទខេត្តកំពត កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក ពេញ ធារម្យ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថាៈ បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុង សម័យបច្ចេកវិទ្យាឌីជីថល ឬហៅថា យុគសម័យឧស្សាហកម្មឌីជីថល ៤.០ ។ ការងារគ្រប់យ៉ាង ត្រូវពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យា ប៉ុន្តែចំណេះដឹង និងធនធានមនុស្ស លើផ្នែកនេះ នៅមានកម្រិតនៅឡើយ។
លោកអភិបាលរងខេត្ត បានណែនាំថាៈ យុវជន សិស្ស និស្សិត ដែលជាអ្នកបន្តវេន ត្រូវខិតខំសិក្សាស្រាវជ្រាវ លើការប្រើប្រាស់ប្រព័ន្ធឌីជីថល ពិសេសត្រូវចេះប្រើប្រាស់ ពេលវេលារបស់ខ្លួន ឲ្យមានតម្លៃបំផុត។
ស្រដៀងគ្នានេះដែរ លោក មឿង គង្គា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពត បានបញ្ជាក់ថាៈ បច្ចុប្បន្ន សម័យឌីជីថលពិភពលោក កំពុងស្ថិតក្នុងដៃមនុស្សគ្រប់រូប។ ដូច្នេះយុវជន ត្រូវបង្កើនសមត្ថភាព ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឲ្យបានច្បាស់លាស់ ដើម្បីអាចប្រកួតប្រជែង ជាមួយយុវជននៃបណ្តាប្រទេសដទៃបាន៕ V / N