ដោយៈ ឈុំ រ៉ា និង ថុ​ន ស្រី​ពេជ្រ បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង និង​កោះ​ថ្ម/ឧត្តរមានជ័យ៖​​ពីថ្ងៃ​ទី​២៣ ដល់ ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៣ ថុ​ន ស្រី​ពេជ្រ មកពី​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង និង ឈុំ រ៉ា មកពី​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម បាន​ចុះ​កម្មសិក្សា​ទៅកាន់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ដែលមាន​ទីតាំង​ស្ថិតនៅ​ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ​។ គោលបំណង​នៃ​ការចុះ​កម្មសិក្សា​នេះ ដើម្បី​ឲ្យ​បុគ្គលិក​សិក្សា​ឈ្វេងយល់​អំពី​កិច្ច​ការដែល​មជ្ឈមណ្ឌល​នីមួយៗ​កំពុង​អនុវត្ត និង​សិក្សា​ពី​ទីតាំង​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ដែល​បាន​បន្សល់ទុក​ពី​សម័យ​ខ្មែរក្រហម និង​ផ្លាស់ប្ដូរ​គំនិត​ដើម្បី​អភិវឌ្ឍន៍​ការងារ​នៅតាម​ការិយាល័យ​របស់​ខ្លួន​។

​សួត វិចិត្រ បុគ្គលិក​មជ្ឈមណ្ឌល​ស​ន្តិ​ភាព​អន្លង់វែង​នៅ​រង់ចាំ​ទទួល​ស្វាគមន៍​យើង និង​ណែនាំ​យើង​អំពី​កិច្ចការ​របស់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​។ នៅ​ថ្ងៃ​បន្ទាប់ វិចិត្រ បាន​បែងចែក​ក្រុមការងារ​ដើម្បី​រៀបចំ​ដាក់តាំង​ពិព័រណ៍​រូបថត​នៅ​ការិយាល័យ​មជ្ឈមណ្ឌល​ស​ន្តិ​ភាព​អន្លង់វែង ស្ថិតនៅលើ​កំពូលភ្នំ​ដងរែក​។ ក្រុមការងារ​ប្រើ​រយៈពេល​២​ម៉ោង​៣០​នាទី ដើម្បី​សាកល្បង​ដំឡើង​រូបថត​នៅលើ​រនង​ដែក​ទ្រ​ដោយ​ជើង​សសរ​កប់​ចូលទៅក្នុង​ដី​។​

​ឆ្លៀតឱកាស​នោះ វិចិត្រ បាន​រៀបរាប់​ប្រាប់​យើង​អំពី​ការចាប់ផ្តើម​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ដំបូង នៅក្នុង​ឆ្នាំ​២០១៤​។ វិចិត្រ ក៏បាន​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ​សំខាន់ៗ​នៅក្នុង​តំបន់​អន្លង់វែង ដែលជា​ចំណុច​ចាប់​ផ្កើ​ម​ធ្វើ​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញ​បរិបូ​ណ៍​។ បន្ទាប់មក ក្រុមការងារ​របស់​យើង​បាន​ចុះ​កម្មសិក្សា​នៅ​ទីតាំង​ប្រវត្តិសាស្ត្រ​សំខាន់ៗ​មួយចំនួន ដូចជា​៖
១) បឹង​អន្លង់វែង ឬ​បឹង​អូរ​ជីក ឬ បឹង តា​ម៉ុក​។ បឹង​តា​ម៉ុក មាន​ចម្ងាយ​ប្រមាណ​ជា​២០០​ម៉ែត្រ​ពី​រង្វង់​មូល ស្រុក​អន្លង់វែង​។ បឹង​នេះ​មាន​ទំហំ​៤១៧ ហិកតា និង​សម្បូរ​ទៅដោយ​ត្រី​តូចធំ​ជាច្រើន​ប្រភេទ​។ នៅពេល​តំបន់​អន្លង់វែង​មិនទាន់​ចូល​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ប្រជាជន​និង​អតីត​ខ្មែរក្រហម​នៅ​តំបន់​នោះ រស់នៅ​ពឹងផ្អែក​ទៅលើ​បឹង​នេះ​ដែលជា​ប្រភព​អាហារ និង​ទឹក​សម្រាប់​ប្រើប្រាស់​ដ៏​សំខាន់​។ តាម​សម្តី អ្នករត់ម៉ូតូឌុប​ម្នាក់​ប្រាប់​យើង​ថា តា​ម៉ុក បាន​ចិញ្ចឹម​ក្រពើ​ពណ៌​ស​មួយ​ក្បាល​នៅក្នុង​បឹង​នេះ ប៉ុន្តែ​សព្វថ្ងៃ​មិនមាន​ប្រជា​ជនណាម្នាក់​បានឃើញ​ក្រពើ​នេះ​បង្ហាញខ្លួន​ឡើយ​។​
២) ផ្ទះ​តា​ម៉ុក សព្វថ្ងៃ​គឺជា​សារមន្ទីរ​ផ្ទះ តា​ម៉ុក​។ ផ្ទះ​នេះ​មាន​ចម្ងាយ​ផ្លូវ​ប្រហែលជា​២​គីឡូម៉ែត្រ​ពី​រង្វង់​មូល​ស្រុក​អន្លង់វែង​។ ទៅដល់​ទីនោះ​យើង​ឃើញ​ឡាន​ចាស់​មួយគ្រឿង​ដែល​សេសសល់​តែ​ទ្រង់ទ្រាយ​ប៉ុណ្ណោះ​។ ឡាន​នេះ​សម្រាប់​ផ្សាយ​វិទ្យុ​ចល័ត​របស់​ខ្មែរក្រហម ហើយ​នៅ​ជិត​ឡាន​នេះ គឺមាន​ទ្រុង​ដាក់​អ្នកទោស​ចំនួន​២​របស់ តា​ម៉ុក​។ តា​ម៉ុក មានផ្ទះ​ចំនួន​៤ ស្ថិតនៅ​ក្នុងភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ផ្ទះ​ទី​១) សង់​អំពី​ឈើ​ប្រក់​ហ្វី​ប្រូ​។ ផ្ទះ​ទី​២) យើង​សង្កេតឃើញ​មាន​រូបគំនូរ​ប្រាសាទ​អង្គ​វត្ត ប្រាសាទព្រះវិហារ និង​ផែនទី​ប្រទេស​កម្ពុជា​នៅតាម​ជញ្ជាំង​។ ផ្ទះ​ទី​៣) គឺ​សម្រាប់​ទទួល​អ្នកដំណើរ​មកពី​ចម្ងាយ និង​ផ្ទះ​ទី​៤) គឺជា​កន្លែង​ហូបបាយ និង​កន្លែង​សម្រាប់​ចុងភៅ​របស់ តា​ម៉ុក ស្នាក់នៅ​។
៣) កន្លែង​ដុត​សព ប៉ុល ពត មាន​ទីតាំង​ស្ថិតនៅលើ​ភ្នំ​ដងរែក ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ទីតាំង​នេះ​មាន​ចម្ងាយ​១៣​គីឡូម៉ែត្រ​ពី​រង្វង់​មូល​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​សាកសព ប៉ុល ពត ត្រូវបាន​ដុត​ដោយ​សំបក​កង់ឡាន​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៩៨​។
៤) កន្លែង​កាត់ទោស ប៉ុល ពត លើ​ផ្ទៃ​ទំហំ​០.៤៤៨​ហិកតា ស្ថិតនៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលមាន​ចម្ងាយ​១៤​គីឡូម៉ែត្រ​ពី​រង្វង់​មូល​ស្រុក​អន្លង់វែង នៅ​ជិត​ច្រកព្រំដែន​ជាំ​-​ស្រងាំ​។
៥) កន្លែង​ដុត​ខ្មោច សុន សេន និង​ក្រុមគ្រួសារ ស្ថិតនៅ​ភូមិ​ស្រះ​ឈូក ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ សុន សេន និង​ក្រុមគ្រួសារ ត្រូវបាន​សម្លាប់​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​១៩៩៧​។​
៦) ផ្ទះ​តា​ម៉ុក លើ​ភ្នំ​ដងរែក ត្រូវបាន​សាងសង់ឡើង​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​១៩៩៥​។ ផ្ទះ តា​ម៉ុក ស្ថិតនៅលើ​ខ្នងភ្នំ​ដងរែក ដោយ​យើង​ធ្វើដំណើរ​រយៈពេល​១​ម៉ោង​ចេញពី​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ស្ថិតនៅ​ទល់មុខ​បឹង​អន្លង់វែង ឬ​បឹង​តា​ម៉ុក​។


​សួត វិចិត្រ បុគ្គលិក​មជ្ឈមណ្ឌល​ស​ន្តិ​ភាព​អន្លង់វែង​ផ្ដល់ព័ត៌មាន​ថា ផ្ទះ​តា​ម៉ុក បានប្រែក្លាយ​ទៅជា​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង នៅ​ឆ្នាំ​២០១៤​។ វិចិត្រ បន្តថា ដំបូង​ផ្ទះ​នេះ​ត្រូវ​ភ្លើង​ឆេះ​អស់ ហើយ​ក្រោយមក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​សាងសង់​ឡើងវិញ​ដូច​ទៅនឹង​ទ្រង់ទ្រាយ​ដើម និង​ប្រែក្លាយជា​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​។​
តាមរយៈ​កម្មសិក្សា​នេះ យើង​សង្កេតឃើញថា នៅលើ​ភ្នំ​ដងរែក​គឺជា​កន្លែង​ប្រមូលផ្តុំ​ទៅដោយ​ទីតាំង​ប្រវត្តិសាស្ត្រ និង​កម្មាភិបាលជាន់ខ្ពស់​ខ្មែរក្រហម​។ ទីតាំង​ប្រវត្តិសាស្ត្រ​នេះ​នៅ​សេសសល់​ភ័ស្តុតាង​រហូតមកដល់​ស​ព្វ​ថ្ងៃ ដែល​អាច​ឲ្យ​យុ​ជន​ខ្មែរ​មក​សិក្សា​ឈ្វេងយល់​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​របប​នេះ​វិល​ត្រឡប់មក​ម្តងទៀត​។ ចំណែក​ប្រជាជន​ភាគច្រើន​នៅក្នុង​ស្រុក​អន្លង់វែង​ប្រកប​របរ​កសិកម្ម ពិសេស​ដំឡូង​មី ដើម្បី​ប្រមូល​លក់​ឲ្យ​ឈ្មួញ​ថៃ​។ ទោះបីយ៉ាងណា​អន្លង់វែង ស្ថិតនៅ​ដាច់ស្រយាល ហើយ​យើង​ត្រូវ​ជិះឡាន​ក្រុង​រយៈពេល​១០​ម៉ោង​ពី​ទីក្រុង​ភ្នំពេញ​ទើប​មកដល់​តំបន់​នេះ​។ ចំណែក​ស្ថានភាព​ផ្លូវ​ចូលទៅ​កាន់​តំបន់​ប្រវត្តិសាស្ត្រ​មួយចំនួន​មានការ​លំបាក និង​មាន​ផ្លូវ​តូចចង្អៀត​មិនអាច​ធ្វើដំណើរ​តាម​ម៉ូតូ​បានឡើយ ដូច្នេះហើយ​ទើប​យើង​ខកខាន​មិន​ទៅ​មើល​តំបន់​ប្រវត្តិសាស្ត្រ​ក្បាល​ទន្សោង ដែលជា​កន្លែង​លាក់ខ្លួន​របស់ ប៉ុល ពត​៕


ចំណងជើង​រូប​៖​ទីតាំង​ប្រវត្តិសាស្ត្រ និង​ទេសភាព​នៅ​អន្លង់វែង ថត​ដោយ ថុ​ន ស្រី​ពេជ្រ មកពី​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង និង ឈុំ រ៉ា មកពី​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម អំឡុងពេល​ចុះ​កម្មសិក្សា​ទៅកាន់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ពីថ្ងៃ​ទី​២៣ ដល់ ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៣​។ (​ឈុំ រ៉ា និង ថុ​ន ស្រី​ពេជ្រ​/​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)