ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញៈ មន្ត្រីម្នាក់បម្រើការនៅ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ ពីផ្ទុះ ជម្លោះ ជាមួយស្រីស្នេហ៍ និងបានបង្កអំពើហិង្សាលើបុរសម្នាក់ ដែល ជាប្អូនស្រីស្នេហ៍របស់ខ្លួន នៅចំណុចផ្ទះខាងស្រី ក្នុងភូមិ ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីម៉ោងជាង ១១យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
បើតាមមន្ត្រីសមត្ថកិច្ចខណ្ឌសែនសុខបានប្រាប់រស្មីកម្ពុជានៅល្ងាចថ្ងៃទី២៦ ខែមករា នេះថា ជនបង្កឈ្មោះ ជិន ណារ៉ុង មន្ត្រី បម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា ជិះរថយន្ត ឡង់គ្រីស័រ ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2J-6072។ ជនងគ្រោះ ហេង បូរី ភេទ អាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ ខាងលើ ត្រូវជាប្អូនប្រុសបង្កើតនារីជាស្រីស្នេហ៍របស់ មន្ត្រីក្រសួង អប់រំរូបនោះ។
បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជនបង្កដែលជាមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គឺមានអ្នកអន្តរាគមន៍សម្របសម្រួលជាមួយ ជនរងគ្រោះ។ ប៉ុន្តែគិតមកដល់ម៉ោងជាង ៧យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ការដោះស្រាយរវាងគូរភាគីទាំងពីរ គឺនៅមិនទាន់ស្រូវគ្នានៅឡើយទេ។ ដោយសមត្ថកិច្ចបានអះអាងថា បើសិនជាការសម្របសម្រួល មិនត្រូវគ្នា គឺនឹងបញ្ជូនសំណុំរឿងទៅតុលាការដើម្បីចាត់ការតាម នីតិវិធីច្បាប់។
ចំណែកអធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង បានបញ្ជាក់ប្រាប់រស្មីកម្ពុជាតាមទូរស័ព្ទនៅព្រលប់ថ្ងៃទី២៦ ខែមករា នេះថា ចំពោះករណីខាងលើនេះ សមត្ថកិច្ចទុកójy ភាគីទាំងពីរសម្របសម្រួលគ្នាសិន។ ចំណែកចំណាត់ការវិញ បើជនរងគ្រោះគេអត់ព្រមត្រូវតែបញ្ជូនហើយ។ ប៉ុន្តែក្នុងនាមអាជ្ញាធរឲ្យភាគីទាំងពីរសម្របសម្រួលគ្នា។ ដោយលោកអធិការបានបញ្ជាក់ថា មកដល់ម៉ោងជាង៧យប់នេះ (២៦ មករា) ភាគីទាំងពីរនៅមិនទាន់សម្របសម្រួលគ្នា ត្រូវនៅឡើយទេ ហើយជនបង្កនៅកន្លែងសមត្ថកិច្ចនៅឡើយទេ។
សូមរម្លឹកថា កាលពីពាក់កណ្តាលឆ្នាំ២០២២ លោក ជិន ណារ៉ុង ធ្លាប់មានរឿងអាស្រូវម្តងរួចមកហើយ គឺលួងលោមស្រីៗទៅដេក ជាមួយរួចហើយលួចថតរូបអាក្រាត៕សរន / N