ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យោងតាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៥​មករា​បាន​ឱ្យដឹងថា កំណើន​ទិន្ន​ផល​សេដ្ឋកិច្ចពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ថយ​ចុះ​ពី​៣​ភាគរយ​ក្នុង​ឆ្នាំ ២០២២ មក​នៅត្រឹម ១,៩ ភាគរយ​ក្នុង​ឆ្នាំ ២០២៣ ដែល​ជា​អត្រាកំណើន​ទាប​បំផុត​មួយ​ក្នុង​ទសវត្សរ៍​ថ្មីៗ​នេះ​។​

​របាយការណ៍​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​និង​ទស្សនវិស័យ​ឆ្នាំ​២០២៣​របស់​អ​.​ស​.​ប​បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​កើន​ឡើង​ក្នុង​កម្រិត​មធ្យម​ដល់​ទៅ​២,៧ ភាគរយ​នៅ​ឆ្នាំ​២០២៤ ខណៈ​វិបត្តិ​ម៉ាក្រូសេដ្ឋកិច្ច​មួយចំនួន​ត្រូវបាន​រំពឹងថា​នឹង​ចាប់ផ្តើម​ថយ​ចុះ​នៅ​ឆ្នាំក្រោយ​។​

​របាយការណ៍​បាន​និយាយ​ថា​ចំពេល​មាន​អតិផរណា​ខ្ពស់ ការ​រឹតបន្តឹង​រូបិយ​វត្ថុ​ដ៏​ខ្លាំងក្លា​និង​ការកើនឡើង​ភាពមិនប្រាកដប្រជា ការធ្លាក់​ចុះ​នាពេល​បច្ចុប្បន្ន​បានធ្វើឱ្យ​ល្បឿន​នៃ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​យឺតយ៉ាវ​ពី​វិបត្តិកូ​វីដ​១៩ ដោយ​បាន​គំរាម​ដល់​ប្រទេស​មួយចំនួន ទាំង​ប្រទេស​អភិវឌ្ឍន៍​និង​កំពុងអភិវឌ្ឍន៍ ជាមួយនឹង​ទស្សនវិស័យ​នៃ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០២៣​។

​របាយការណ៍​ថា សន្ទុះ​កំណើន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅក្នុង​សហរដ្ឋ​អាម៉េរិក សហភាព​អឺរ៉ុប​និង​បណ្តា​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ផ្សេងទៀត​ក្នុង​ឆ្នាំ ២០២២ បាន​ជះ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចពិភពលោក​ដទៃ​ទៀត​តាមរយៈ​បណ្តាញ​ជាច្រើន​។​

​របាយការណ៍​បានសរសេរថា នៅ​សហរដ្ឋ​អាម៉េរិក ផលិតផល​ក្នុងស្រុក​សរុប​(GDP) ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ត្រឹមតែ ០,៤ ភាគរយ​នៅ​ឆ្នាំ ២០២៣ បន្ទាប់ពី​មាន​កំណើន​ប៉ាន់ស្មាន​១,៨ ភាគរយ​ក្នុង​ឆ្នាំ ២០២២​។​

​កំណើន​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ចិន​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​ភាពប្រសើរឡើង​ក្នុង​កម្រិត​មធ្យម​នៅ​ឆ្នាំ ២០២៣​ខណៈ​រដ្ឋាភិបាល​បាន​កែសម្រួល​គោលនយោបាយ​កូវី​ដ​១៩របស់​ខ្លួន​នៅ​ចុងឆ្នាំ ២០២២ និង​ការបន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​និង​សារពើពន្ធ កំណើន​សេដ្ឋកិច្ច​របស់​ចិន​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ដល់ ៤,៨ ភាគរយ​នៅ​ឆ្នាំ​២០២៣ នេះ​បើ​យោងតាម​របាយការណ៍​៕

លី ជុនហួរ(កណ្តាល)អគ្គលេខាងធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកសេដ្ឋកិច្ចនិងសង្គម ធ្វើសន្និសីទកាសែតដើម្បីបញ្ចេញរបាយការណ៍អំពីស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣ នៅក្រុងញូវយ៉កកាលពីថ្ងៃ២៥មករា។របាយការណ៍​និយាយថា កំណើន​ទិន្ន​ផល​សេដ្ឋកិច្ចពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ថយ​ចុះ​ពី​៣​ភាគរយ​ក្នុងឆ្នាំ ២០២២ មក​នៅត្រឹម ១,៩ភាគរយ