ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាល ក្នុងបុព្វហេតុ ប្រទេសជាតិ និងប្រជាជន បានធ្វើឲ្យសាសនាទាំងអស់ ទទួលបាននូវការលើកទឹកចិត្ត សុខដុមនីយកម្មឆ្ពោះ ទៅរកការរីកចម្រើន និងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។

សម្តេចតេជោ បានថ្លែងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជា អធិបតី ក្នុងពិធីអបអរខួប ១០០ ឆ្នាំ នៃវត្តមានសាសនាគ្រឹស្ដនៅកម្ពុជា។

សម្តេចតេជោ បានបន្តថាៈ រាជរដ្ឋាភិបាលតែង តែយកចិត្តទុកដាក់ លើការផ្ដល់សេរីភាព ខាងជំនឿសាសនា យ៉ាងទូលំទូលាយ ដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាន នៃការពង្រឹងសុខដុមនីយកម្ម រវាងសាសនា នៅគ្រប់និកាយសាសនា ប្រឆាំងរាល់ទង្វើ រើសអើង ការបែងចែក ក្នុងចំណោមប្រជាជន ដែលបណ្ដាល មកពីភាពខុសគ្នា នៃជំនឿសាសនា សំដៅទប់ស្កាត់ការយកសាសនា ធ្វើជាអាជីវកម្ម ដែលអាចបង្ករ វិបត្តិសាសនា នៅកម្ពុជា។

សម្តេច បានបន្តថាៈ រាជរដ្ឋាភិបាល កាន់តែមានមោទនភាព យ៉ាងខ្លាំង ចំពោះប្រជាពល រដ្ឋរបស់ខ្លួន ដែលប្រកាន់ខ្ជាប់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាល្អ។

សម្តេចតេជោ បានបន្តថាៈ ការខុសគ្នាខាងជាតិសាសន៍ និងសាសនា មិនមែនជាឧបសគ្គ នៃការអភិវឌ្ឍប្រទេសជាតិនោះទេ។ សូមកុំនាំគ្នាចាប់បង្ខំ ឲ្យអ្នកនេះ ជឿសាសនានេះ ឲ្យអ្នកនេះជឿសាសនានោះ ឬនិកាយនេះ ឬនិកាយនោះ វាមិនអាចទៅរួចទេ ហើយយើងទាំងអស់គ្នា ពិតជាចង់ចាំបានថា យើងបានចង់ភ្ជាប់ នៃជោគវាសនា របស់យើងជាមួយគ្នា៕/V-PC