ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ យោងតាមអាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា រុស្ស៊ីបានបាញ់មីស៊ីលនិងដ្រូនបំផ្ទុះដោយខ្លួនឯងបន្ថែមទៀតនៅខេត្តជិត១០របស់អ៊ុយក្រែនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៦មករា ដោយបណ្តាលឱ្យមានមនុស្សស្លាប់ទាក់ទងនឹងសង្គ្រាមជាលើកដំបូងនៅក្នុងទីក្រុងគៀវក្នុងឆ្នាំនេះ និងសម្លាប់មនុស្សយ៉ាងតិច១១នាក់។
ការវាយប្រហារនេះបានប្រកាន់ខ្ជាប់នូវគំរូថ្មីរបស់រុស្ស៊ីក្នុងការវាយលុកលើរោងចក្រថាមពលនិងហេដ្ឋារចនាសម្ពន្ធសំខាន់ៗផ្សេងទៀតរៀងរាល់ពីរសប្តាហ៍ម្តង។ ទោះយ៉ាងណាការវាយលុកចុងក្រោយបំផុតនេះបានកើតឡើងបន្ទាប់ពីអាល្លឺម៉ង់និងសហរដ្ឋអាម៉េរិកបានបង្កើនជំនួយយោធានៅក្នុងសង្គ្រាមរយៈពេល ១១ ខែរបស់រុស្ស៊ីនៅអ៊ុយក្រែនដោយកាលពីថ្ងៃពុធបានសន្យាថានឹងបញ្ជូនរថក្រោះប្រយុទ្ធបច្ចេកវិជ្ជាខ្ពស់ទៅកាន់អ៊ុយក្រែន និងបើកភ្លើងខៀវឱ្យសម្ពន្ធមិត្តផ្សេងទៀតធ្វើដូចគ្នា។
អ្នកនាំពាក្យសេវាសង្គ្រោះបន្ទាន់របស់រដ្ឋអ៊ុយក្រែន បាននិយាយថា ក្រៅពីអ្នកស្លាប់ យ៉ាងហោចណាស់មនុស្ស ១១ នាក់បានរងរបួស។
អភិបាលក្រុងគៀវ លោក វីតាលី គ្លីតស្កូ (Vitali Klitschko) បាននិយាយថា មនុស្សម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងការវាយប្រហារដែលជាការស្លាប់លើកដំបូងរបស់ក្រុងនេះចាប់តាំងពីថ្ងៃចូលឆ្នាំសកល។ លោកបានបន្តថា ពីរនាក់ទៀតបានរងរបួស។ ប្រមុខរដ្ឋបាលទីក្រុងគៀវ លោក សឺហ៊ី ផប់កូ (Serhii Popko) បាននិយាយថាខែលការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីល ១៥ គ្រាប់ ដែលហោះមកកាន់តំបន់ក្រុងគៀវ។
ការិយាល័យរដ្ឋអាជ្ញាប្រចាំតំបន់ក្នុងខេត្តហ្សាប៉ូរីហ្សហ្សា (Zaporizhzhia)នៃប្រទេសអ៊ុយក្រែន បាននិយាយថា មនុស្សបីនាក់បានស្លាប់ និងប្រាំពីរនាក់ទៀតរងរបួសក្នុងការវាយប្រហារលើរោងចក្រថាមពលមួយ។ លោក វ៉ាឡឺរី ហ្សាលូសយី (Valerii Zaluzhnyi) មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា ការបាញ់មីស៊ីលកាលពីថ្ងៃព្រហស្បតិ៍គឺពាក់ព័ន្ធនឹងមីស៊ីលសរុបចំនួន៥៥គ្រាប់ ដែលក្នុងនោះ ៤៧គ្រាប់ត្រូវបានស្ទាក់បាញ់ធ្លាក់។
ដ្រូនបំផ្ទុះដោយខ្លួនឯងបានហោះចូលពេញមួយយប់ មុនពេលការវាយប្រហារដោយមីស៊ីល។ ខណៈសំឡេងស៊ីរ៉ែនព្រមានអំពីការវាយឆ្មក់តាមអាកាសបានបន្លឺឡើងនៅទូទាំងប្រទេស ជនស៊ីវិលដែលខ្លះកំពុងបណ្តើរឆ្កែ បានសម្រុកចូលទៅក្នុងស្ថានីយរថភ្លើងក្រោមដី ចំណតក្រោមដី និងបន្ទប់ក្រោមដីដើម្បីស្វែងរកកន្លែងលាក់ខ្លួន៕
ស្ត្រីអ៊ុយក្រែនបង្ហាញការតក់ស្លុតដែលផ្ទះគាត់ត្រូវបានបំផ្លាញតែមួយប៉ព្រិចភ្នែកដោយមីស៊ីលរុស្ស៊ីក្នុងតំបន់ទីក្រុងគៀវកាលពីថ្ងៃព្រហស្បតិ៍