​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​មករា​បាន​និយាយថា​ពួកគេ​រំពឹង​ថា​សម្ពន្ធមិត្ត​លោកខាងលិច​នឹង​ផ្តល់ឱ្យ​កងកម្លាំងប្រដាប់អាវុធ​របស់​ពួកគេ​​ជាមួយនឹង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ បន្ទាប់​ពី​ចក្រភព​អង់គ្លេស សហរដ្ឋ​អាម៉េរិក អាល្លឺម៉ង់​និង​ប្រទេស​មួយចំនួន​ទៀត​បាន​យល់ព្រម​បញ្ជូន​រថក្រោះ​ដែល​រដ្ឋាភិបាល​ក្រុង​គៀវ​ស្វែងរក​ជា​យូរ​មក​ហើយ​។​

​ទីប្រឹក្សា​ប្រធានាធិបតី លោក មី​ខា​អ៊ី​ឡូ ប៉ូ​ដូល​យ៉ាក់ (Mikhailo Podolyak) បាន​ប្រាប់​កាសែត The Daily Telegraph ថា “​ឥឡូវ​នេះ​យើង​កំពុង​ឃើញ​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​​នៃ​មនោសញ្ចេតនា​ក្នុងចំណោម​ឥស្សរជន​នយោបាយ​នៃ​បណ្តា​ប្រទេស​អឺរ៉ុប​…​ខ្ញុំ​ប្រាកដ​ណាស់​ថា យើង​នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​ស្តីពី​មី​ស៊ីលរយៈ​ចម្ងាយ​ឆ្ងាយ​”​។​

​នៅក្នុង​ការ​វាយ​សំពង​ដ៏​បំផ្លិចបំផ្លាញ​មួយ​ចំពោះ​វិមាន​ក្រឹម​ឡាំង ប្រទេស​ចំនួន​ប្រាំបួន​បាន​ចូលរួម​ជាមួយ​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ការយល់ព្រម​បញ្ជូន​រថក្រោះ​ទៅ​បំផ្លាញ​កងកម្លាំង​​របស់​រុស្ស៊ី​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន​។ ក្រុម​ចម្រុះ​នេះ​បាន​ចូលរួម​ជាមួយ​គ្នា​ត្រឹមតែ ៤៨ ម៉ោង​បន្ទាប់ពី​ការស្រែក​អំពាវនាវ​របស់លោក បូរី​ស ច​ន​សុន នៅក្នុង​កាសែត Daily Mail​ដោយ​អង្វរ​​ដល់​សម្ពន្ធមិត្ត​របស់​ចក្រភព​អង់គ្លេស​ឱ្យ​បញ្ចប់​ការបែកបាក់​របស់​ពួកគេ​។​

​អាល្លឺម៉ង់​នឹង​បញ្ជូន​រថក្រោះ Leopard 2​ចំនួន​១៤ គ្រឿង​ដំបូង​គេ​ទៅ​កាន់​អ៊ុ​យក្រែន ហើយ​មាន​បំណង​ផ្តល់​រថក្រោះ​ចំនួន ៨០ គ្រឿង​នៅ​ពេល​ក្រោយ​ទៀត​។ នៅក្នុង​អ្វីដែល​លោក​ហ្សេ​លេន​ស្គី​សាទរ​ថា​ជា “​ថ្ងៃ​ប្រវត្តិសាស្ត្រ​” សហរដ្ឋ​អាម៉េរិក​បានបញ្ជាក់​ថា ខ្លួន​នឹង​ផ្គត់ផ្គង់​រថក្រោះ Abrams M1​ចំនួន​៣១ គ្រឿង​។ ចក្រភព​អង់គ្លេស​បាន​និយាយ​រួច​ហើយ​ថា​ខ្លួន​នឹង​បញ្ជូន​រថក្រោះ Challenger 2 ចំនួន ១៤ គ្រឿង​។​

​ការអះអាង​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ប៉ូ​ដូល​យ៉ាក់​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ចៅហ្វាយ​របស់​គាត់ គឺ លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​បាន​ជំរុញ​ដោយ​បើកចំហ​ដល់​សម្ពន្ធមិត្ត​ណា​តូ​ឱ្យ​បញ្ជូន​មី​ស៊ី​ល​​និង​យន្តហោះ​ចម្បាំង​រយៈ​ចម្ងាយ​ឆ្ងាយ​មក​កាន់​ប្រទេស​ហែកហួរ​ដោយ​សង្គ្រាម​នេះ​ដើម្បី​ជួយ​វាយ​បណ្តេញ​កងទ័ព​រុស្ស៊ី​។​

​នៅក្នុង​សុន្ទរកថា​នា​ពេល​រាត្រី លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា “​ខ្ញុំ​បាន​និយាយ​ជាមួយ​អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ជែន ស្តូល​ថិ​ន​បឺក (Jens Stoltenberg)​នៅថ្ងៃនេះ​…​យើង​ក៏​ត្រូវតែ​​បើក​ការបញ្ជូន​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​មកកាន់​អ៊ុយ​ក្រែន​ផងដែរ វា​ជា​រឿង​សំខាន់ យើង​ត្រូវ​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​បស់​យើង​នៅក្នុង​ផ្នែក​កាំភ្លើង​ធំ​។ នេះ​គឺជា​សុបិន​មួយ​។​ហើយ​នេះ​គឺជា​កិច្ចការ​​មួយ​ផង​ដែរ​”​។​

​លោក​ហ្សេ​លេន​ស្គី​មុននេះ​បាន​ថ្លែងអំណរគុណ​ដល់​មហាអំណាច​លោកខាងលិច​សម្រាប់​ការយល់ព្រម​ផ្តល់ឱ្យ​ប្រទេស​របស់​គាត់​នូវ​រថក្រោះ​។ ប៉ូឡូញ ន័​រវែ​ស ហ្វាំង​ឡ​ង់ ហូ​ឡង់ អេ​ស្ប៉ាញ និង​ព័រ​ទុយ​ហ្គាល់ ឥឡូវ​នេះ​ក៏​បាន​ស្នើសុំ​បញ្ជូន​រថក្រោះ Leopard 2 របស់​ពួកគេ​ផងដែរ បន្ទាប់ពី​បាន​ទទួល​ភ្លើង​ខៀវ​ពី​ក្រុមហ៊ុន​ផលិត​របស់​អាល្លឺម៉ង់រ​បស់​ពួកគេ​។​

​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​អាល្លឺម៉ង់ លោក សឺ​ហ្គេ ណេ​ឆាយេ​វ (Sergey Nechayev) បាន​ហៅ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​ប៊ែរ​ឡាំង​ថា “​គ្រោះថ្នាក់​ខ្លាំង​” ដោយ​និយាយថា​វា​នឹង​ផ្លាស់​​ប្តូរ​ជម្លោះ​ទៅកាន់​កម្រិត​ថ្មី​នៃ​ការប្រឈមមុខគ្នា ហើយ​ផ្ទុយ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​អ្នកនយោបាយ​អាល្លឺម៉ង់​អំពី​ការស្ទាក់ស្ទើរ​របស់​ពួកគេ​ក្នុង​ការចូលរួម​ក្នុង​សង្គ្រាម​។​

​បារាំង​មិន​ទាន់​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការបញ្ជូន​ក្រុម​រថក្រោះ Leclerc របស់​ខ្លួន​នៅឡើយ​ទេ ប៉ុន្តែ​ឥឡូវនេះ​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង កំពុង​ស្ថិត​ក្រោម​សម្ពាធ​ដើម្បី​ផ្តល់​រថពាសដែក​ធុន​ធ្ងន់​​ឱ្យ​ដូច​សម្ពន្ធមិត្ត​ដែរ​៕

អ៊ុយ​ក្រែន​ជឿជាក់ថា​នឹង​ទទួលបាន​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ពី​សម្ពន្ធមិត្ត​លោកខាងលិច