ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានជូនដំណឹងបន្ថែម ស្តីពីស្ថានភាពអាកាសធាតុថា បណ្តាខេត្តនៅតំបន់ ខ្ពង់រាប និងតំបន់ភាគពាយព្យ ធាតុអាកាស នឹងចុះត្រជាក់ខ្លាំង ជាងសព្វមួយដង ដោយស៊ីតណ្ហភាព អប្បបរមា អាចធ្លាក់ចុះដល់ ១៤ ទៅ ១៦ អង្សាសេ។

នៅក្នុងសេចក្តីជូនដំណឹងបន្ថែមនេះ បានសរសេរថា តាមការវិវត្តជាក់ស្តែង ជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន និងខ្យល់មូសុងឦសាន បានបន្តបង្កើន ឥទ្ធិពល ក្នុងកម្រិតពីបង្គួរ ទៅខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាព បែបខាងលើនេះ ធ្វើឲ្យអាកាសធាតុ បន្តចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមករា បណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យ ធាតុអាកាស នឹងចុះត្រជាក់ខ្លាំង ជាងសព្វមួយដង ដោយស៊ីតណ្ហភាព អប្បបរមា អាចធ្លាក់ចុះដល់ ១៤ ទៅ ១៦ អង្សាសេ។ រីឯបណ្តាខេត្តដទៃទៀត ស៊ីតណ្ហភាព អប្បបរមា មានពី ១៧ទៅ២១អង្សាសេ។ ចំណែកនៅរាជធានីភ្នំពេញ ស៊ីតណ្ហភាព អប្បបរមា អាចធ្លាក់ចុះដល់ ២០ អង្សាសេ ។ បន្ទាប់ពីនោះ រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ស៊ីតណ្ហភាព នឹងវិលមកជាធម្មតាវិញ៕/V-PC