ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅសាលប្រជុំ “ធំ ” សាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ មានកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សា ករណីទីតាំងដី ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ បានស្នើសុំកែ សម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ នៃតំបន់ទំនាបបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងរបាយការណ៍មួយ បានឱ្យដឹងអំពីស្ថាន ភាពទូទៅ: ដោយអនុវត្តអនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ផ្ទៃដីលិចទឹក នៅតំបន់៣ នៃខេត្ត មានទំហំ ១២.២៧៩,១៨ ហិកតា និងមាន ៤៨ ចំណុចនិយាមកា (ឧបសម័្ពន្ធ១ អនុក្រឹត្យលេខ១៩៧ អនក្រ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១). ក្នុងនោះ មាននៅស្រុកព្រះនេត្រព្រះ មានផ្ទៃដីចំនួន ៩.៨៦៧ ហិកតា គ្របដណ្តបលើ ឃុំប្រាសាទ ចំនួន ២ ភូមិ មានផ្ទៃដីចំនួន ៤.៩៩៤ ហិកតា និងឃុំភ្នំលៀប មានចំនួន ៤ ភូមិ មានផ្ទៃដី ៤.៨៧២ ហិកតា និងនៅស្រុកមង្គលបូរី មានផ្ទៃដីចំនួន ២.៤១២ ហិកតា គ្របដណ្តបលើ ឃុំសំបួ ចំនួន ៥ ភូមិ ។

លោកបានបន្តថាៈ ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការខេត្ត បានចុះបញ្ជី និងចេញវិញ្ញាប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនក្រសួងធនធានទឹក ចំនួន ១១ ប័ណ្ណ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ស្មើនឹងទំហំ ១២.២៧៩,១៨ ហិកតា។ ក្នុងនោះមាន ៦ ប័ណ្ណ នៅស្រុកព្រះនេត្រព្រះ មានទំហំផ្ទៃដី ៩.៨៦៦,៨៦ ហិកតា និង ៥ បណ្ណ នៅស្រុកមង្គលបូរី មានទំហំផ្ទៃដី ២.៤១២,៣២ ហិកតា។ ចំណែកអនុក្រឹត្យលេខ១០៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បាន សម្រេច កែសម្រួលផ្ទៃដីទំហំ ៥.៨១៦ ហិកតា​ ចេញពីតំបន់៣ បញ្ចូលមកតំបន់២ វិញ។
ពាក់ព័ន្ធនឹងក្បាលដីចំនួន ២២ បណ្ណ នៅភូមិកាបៅ និងភូមិពាមកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បានប្រគល់ជូនប្រជាពលរដ្ឋ ២២ គ្រួសារ ប្រើប្រាស់ និងអាស្រ័យផល ដោយផ្អែកលើការស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ មានផ្ទៃដីទំហំ ១៧.៧៥៥,០៥ ហិកតា ហើយរដ្ឋបាលខេត្ត បានស្នើរសុំទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងសម្រេច ផ្អែកតាមលិខិតលេខ០៩៨/២៣ លស ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

លោក អ៊ុំ រាត្រី បានបន្តថាៈ ចំពោះលទ្ធផលការងារសម្រេចបានគឺៈ
១-ការងារតំបន់៣ ក្នុងនោះ ១-ប្រជាពលរដ្ឋស័្មគ្រប្រគល់ដីឲ្យរដ្ឋវិញ សរុប ៨០១ គ្រួសារ ស្មើនឹង ៤.៧៥៩,៦៧ ហិកតា។ ក្នុងនោះ មានស្រុកព្រះនេត្រព្រះ ចំនួន ៦៥១ គ្រួសារ ស្មើនឹង ៤.២៦២,៦៧ ហិកតា ស្រុកមង្គលបូរី មាន ១៥០ គ្រួសារ ស្មើនឹង ៤៩៧ ហិកតា។

២-ការវាស់ដីដែលពលរដ្ឋ បានស្ម័គ្រចិត្តប្រគល់ជូនរដ្ឋវិញ ៦៩៩ គ្រួសារ ស្មើនឹង ៣៤ ក្បាលដី មានទំហំសរុប ៤.៧៦៧ ហិកតា។ ក្នុងនោះ ស្រុកព្រះនេត្រព្រះ វាស់វែងចំនួន ៥៤៩ គ្រួសារ ស្មើនឹង ២២ ក្បាលដី មានទំហំ ៤.២៧០ ហិកតា និងស្រុកមង្គលបូរី វាស់វែងចំនួន ១៥០ គ្រសារ ស្មើនឹង ១២ ក្បាលដី មានទំហំ ៤៩៧ ហិកតា។

៣-ការងារផ្សេងៗ -បានចុះដាំដើមឈើចំនួន ៨ លើក មានគ្រាប់ត្នោត ១៨.៦៦០ គ្រាប់ ឫស្សី ៧.២២០ គុម្ព ដើមរាំងទឹក ៦.៩០០ ដើម រំដេញ ៦០០ ដើម ដែលមានប្រវែងសរុប ជាង ១២ គីឡូម៉ែត្រ បានបញ្ចប់តាមផែនការត្រឹមថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២ កន្លងមក ។
-ការងារបោះបង្គោលព្រំប្រទល់ដីព្រៃលិចទឹកតំបន់៣ ដាំបង្គោលថ្មីចំនួន ២៦ បង្គោល និងជួសជុលតម្រង់បង្គោលចាស់ ចំនួន ២២ បង្គោល សរុប ៤៨ បង្គោល តាមចំណុច និយាមការ និងបានបោះបង្គោលរងចំនួន ៤៥ បង្គោល ដាំចន្លោះបង្គោលមេ ៥០០ ម៉ែត្រ។
-ចាក់បង្គោលមានរាងសាជីកម្ពស់ ៨ ម៉ែត្រ ចំនួន ៤៨ បង្គោល។ -លើកស្លាកប៉ាណូ បង្ហាញទីតាំងព្រំប្រទល់ព្រៃលិចទឹកតំបន់៣ ចំនួន ៦ផ្ទាំង ។

៤-ការចុះវាស់វែងដីប្រជាពលរដ្ឋ បានអាស្រ័យផលជាក់ស្តែង យូរមកហើយ ក្នុងតំបន់៣ មានជាគ្រួសារៈ
ក-ស្រុកព្រះនេត្រព្រះ មានចំនួនក្បាលដី ២០៧ ស្មើនឹង ១.២៣៤ ហិកតា ធៀបក្នុងបញ្ជី ប្រគល់ដីជូនរដ្ឋ មានចំនួន ៥២៩ ក្បាលដី ស្មើនឹង៤.២៦២ ហិកតា។
ខ-ស្រុកមង្គលបូរី បានវាស់វែង ១៦៨ ក្បាលដី ស្មើនឹង ៤៥១ ហិកតា ធៀបនិងក្នុងបញ្ជី ប្រគល់ដី ជូនរដ្ឋ ៣០៨ ក្បាលដី មានផ្ទៃដី ប្រគល់សរុប ៨៧១ ហិកតា។
គ-ក្បាលដីរបស់ពលរដ្ឋមួយចំនួន ក្នុងតំបន់៣ មិនទាន់បានចុះវាស់វែងអស់នៅឡើយ ដោយសារកាលណោះ មេឃភ្លៀង ទឹកឡើង មិនអាចធ្វើដំណើរទៅកាន់ទីតាំងបាន ។

ចំពោះការងារតំបន់២ វិញៈ
១-ការស្រង់ប្រមូលទិន្នន័យ និងវាស់វែងដីភូមិ ប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរ ក្នុងតំបន់២ សរុបមាន ១០ ភូមិ ទំហំផ្ទៃដី ២៩៨,១០ ហិកតា ស្មើនឹង ១.៦៤៨ គ្រួសារ ។ ក្នុងនោះ ស្រុកមង្គលបូរី មាន១ឃុំ ៧ភូមិ មានទំហំដី ២១៩,៧៤ ហិកតា ស្មើនឹង ១.១៩៤ គ្រួសារ ។ -ស្រុកព្រះនេត្រព្រះ មាន២ឃុំ ៣ភូមិ មានទំហំផ្ទៃដី ៧៨,១៦ ហិកតា ស្មើនឹង ៤៥៤ គ្រួសារ។
២- ផ្ទៃដីបឹងបួរ កសិកម្ម ស្រះ ប្រឡាយ និងហេដ្ឋារចនាសម័្ពន្ធនានា មានទំហំ ១៧.៤៣៩,០៣ ហិកតា ។
៣-ស្នើសុំគោលការណ៍ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់: ក្រោយកិច្ចប្រជុំកម្រិតបច្ចេកទេស ក្រសួងរៀបចំដែនដី បានអនុញ្ញាតឱ្យភ្ជាប់ភូមិស្រែព្រៃ និងភូមិថ្មដប់ ទំហំដីភូមិ ដែលស្នើសុំកាត់ឆ្វៀលដីភូមិឋាន ចំនួន ១០ ភូមិ មានដីទំហំសរុប ៣១៦,០២ ហិកតា ចេញពីតំបន់២ បញ្ចូលមកតំបន់១ និងចេញវិញ្ញាបនប័ត្រសម្គាល់ ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋសរុបចំនួន ១.៦៤៨ គ្រួសារ ដែលបានតាំងលំនៅ គ្រប់គ្រង កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងយូរហើយ ស្ថិតក្នុងភូមិសាស្ត្រស្រុក ព្រះនេត្រព្រះ និងស្រុកមង្គលបូរី ។

លោក អ៊ុំ រាត្រី បានបន្តទៀតថាៈ ចំពោះសំណើគោលការណ៍ ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ៈ ១-ស្នើសុំកាត់ឆ្វៀលដីភូមិឋាន ចំនួន ១០ ភូមិ ( ដូនឡឹក ចែកអង្ករ ស្រែព្រៃ ថ្មដប់ ក្បាលក្របី ស្រះឈូក សំបួរ ឃុំសំបួរ ស្រុកមង្គលបូរី ភូមិស្ទឹងកំបុត កាបៅ កំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ) មានទំហំផ្ទៃដីសរុប ៣១៦,០២ ហិកតា ចេញពីតំបន់២ បញ្ចូលមកតំបន់១ និងចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់ អចលនវត្ថុ ជូនពលរដ្ឋសរុបចំនួន ១.៦៤៨ គ្រួសារ បានតាំងទីលំនៅ គ្រប់គ្រង កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល ជាក់ស្តែងយូរហើយ ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី ហើយមន្ទីររៀបចំដែនដីខេត្ត នឹងខិតខំរៀបចំបំពេញនីតិវិធី ចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ ឱ្យបានទាន់ពេលវេលា មុនដំណាច់ខែឧសភា ឆ្នាំ២០២៣។
២-តាមលិខិតលេខ៤៤៧/២២ បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត បានស្មើសុំគោលការណ៍រួម កំណត់ទំហំដីតំបន់៣ ដែលពលរដ្ឋកាន់កាប់កន្លងមក និងទំហំដី ត្រូវប្រគល់ឱ្យប្រជាពលរដ្ឋ អាស្រ័យផលបន្ត ដូចខាងក្រោមៈ
-អ្នកមានដីទំហំសរុប ០,៤ ដល់ ១,៥ ហិកតា គួរផ្តល់ជូន ១,០ ហិកតា។
-អ្នកមានដីទំហំសរុប ១,៥ ហិកតា ដល់ ២,៥ ហិកតា គួរផ្តល់ជូន ២,០ ហិកតា។
-អ្នកមានដីទំហំសរុប ២,៥ ហិកតា ដល់ ៣,៥ ហិកតា គួរផ្តល់ជូន ៣,០ ហិកតា ។
-អ្នកមានដីទំហំសរុប៣,៥ ហិកតា ដល់ ៤,៥ ហិកតា គួរផ្តល់ជូន ៤,០ ហិកតា ។
-អ្នកមានដីទំហំសរុប ៤,៥ ហិកតា ដល់ ៥,៥ ហិកតា គួរផ្តល់ជូន ៥,០ ហិកតា។
-អ្នកមានដីទំហំសរុប ៥,៥ ហិកតា ដល់ ៦,៥ ហិកតា គួរផ្តល់ជូន ៦ ហិកតា។
-អ្នកមានដីទំហំសរុប ៦,៥ ហិកតា ដល់ ៧,៥ ហិកតា គួរផ្តល់ជូន ៧ ហិកតា។
-អ្នកមានដីទំហំសរុប ៧,៥ ហិកតា ដល់ ៨,៥ ហិកតា គួរផ្តល់ជូន ៨ ហិកតា។
-អ្នកមានដីទំហំសរុប ៨,៥ ហិកតា ដល់ ៩,៥ ហិកតា គួរផ្តល់ជូន ៩,៩ ហិកតា និង-អ្នកមានដីទំហំសរុប ៩,៥ ហិកតាឡើងទៅ គួរផ្តល់ជូនត្រឹមតែ ១០,០ ហិកតា
ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការកែសម្រួលព្រំប្រទល់តំបន់៣ និងការគ្រប់គ្រង មានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងស្នើសុំ គួរកាត់ឆ្វៀលដីតំបន់៣ តាមបណ្តោយព្រំតំបន់៣ ខាងជើង ជាដីគោក ដើម្បីធ្វើការរៀបចំ ជាតំបន់រៀបរយ សម្រាប់បែងចែក និងប្រគល់ជូន ប្រជាពលរដ្ឋ អាស្រ័យផល តាមទំហំដី ត្រូវបានទទួល ផ្អែកតាមគោលការណ៍ខាងលើ និងចេញបណ្ណសម្គាល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផល។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យឲ្យក្រុមការងារខេត្ត និងមន្ទីរជំនាញ ត្រូវពិនិត្យស្រាវជ្រាវវាស់វែង និងស្រង់ទិន្នន័យ គ្រួសារប្រជាពលរដ្ឋ ដែលបានតាំងលំនៅ គ្រប់គ្រង កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ក្នុងដែនព្រៃលិចទឹក នៅតំបន់២ ។

លោកឧនាយករដ្ឋមន្ត្រី បានបន្ថែមថាៈ មុនធ្វើការកែសម្រួលព្រំដីរដ្ឋ ក្នុងដែនព្រៃលិចទឹក តំបន់៣ និងតំបន់២ នៃទំនាបបឹងទន្លេសាប ភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ដែលសុំកាត់ ឆ្វៀលដីភូមិឋាន ដែលប្រជាពលរដ្ឋ បានតាំងទីលំនៅ គ្រប់គ្រងកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង រយ:ពេលយូរ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ជូនប្រជាពលរដ្ឋប្រើប្រាស់ ៕​​ V / N