ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ បុរសម្នាក់ដែលបានសម្លាប់កម្មករកសិដ្ឋានជាមិត្តភ័ក្តិអស់ប្រាំពីរនាក់នៅកាលីហ្វ័រញ៉ាបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានសាងកំហុសនិងថាលោកជឿថាលោកមានបញ្ហាផ្លូវចិត្ត ឬជំងឺសរសៃប្រសាទ។
លោកចាវ ឈុនលី(Zhao Chunli)បាននិយាយថាលោករងការសម្លុតគំរាមនិងធ្វើការហួសកម្លាំងអស់រាប់ឆ្នាំ តែការត្អូញត្អែររបស់លោកមិនត្រូវបានដោះស្រាយទេ នេះបើតាមការផ្សាយរបស់សារព័ត៌មានNBC News។
អ្នកយកព័ត៌មាននៃបណ្តាញសារព័ត៌មានខាងលើលោកស្រី ចាណេល វ៉ាង(Janelle Wang)បានទៅជួបជនសង្ស័យនៅក្នុងគុកនិងបាននិយាយទៅកាន់គាត់អស់១៥នាទី។លោកស្រីបានប្រាប់ទស្សនិកជនថា លោកស្រីបានប្រាប់ថាលោកស្រីជាអ្នកកាសែតនិងបានប្រាប់លោកចាវថាលោកមានសិទ្ធិនិយាយឬមិននាយប្រាប់អ្នកកាសែត។
លោកស្រីបានបន្ថែមថា«គាត់បានពណ៌នាប្រាប់ខ្ញុំថា គាត់ជឿថាគាត់រងជំងឺផ្លូវចិត្តអ្វីម្យ៉ាង។គាត់បានខិតខំតស៊ូជម្នះនឹងបញ្ហាបែបនេះនិងថានៅថ្ងៃចន្ទពេលកើតមានការបាញ់ប្រហារ គាត់មិនមានអារម្មណ៍ល្អទេ»។
ចាវ អាយុ៦៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅប៉ុន្មានម៉ោងក្រោយបាញ់សម្លាប់មនុស្សប្រាំពីរនាក់នៅកសិដ្ឋាននៅទីប្រជុំជន ហាហ្វ មូនបេ(Half Moon Bay)ខាងត្បូងទីក្រុងសាន់ហ្វ្រានស៊ីស្កូ។ជនរងគ្រោះប្រាំនាក់ជាជនជាតិចិន និងពីរនាក់ទៀតជាម៉ិកស៊ិច។
លោកស្រីវ៉ាងបានរាយការណ៍ថា «គាត់បានសារភាពថាគាត់បានធ្វើវា ។គាត់សោកស្តាយ។គាត់មានការព្រួយបារម្ភច្រើន ចាប់តាំងពីធ្វើការងារច្រើនម៉ោងរហូតដល់ការសម្លុតគំរាមអស់ពេលរាប់ឆ្នាំ តែបញ្ហាក្នុងចិត្តមិនត្រូវបានដោះស្រាយ»។
ពួកមន្ត្រីរដ្ឋកាលីហ្វ័រញ៉ាឥឡូវចាប់ផ្តើមស៊ើបអង្កេតលក្ខខណ្ឌការងារនៅកសិដ្ឋានកើតហេតុទាំងពីរ។
អភិបាលរដ្ឋលោក ហ្កាវីន ញូវសុម(Gavin Newsom)បាននិយាយការកម្មករកសិដ្ឋានខ្លះរស់នៅក្នុងកុងតេនឺដឹកទំនិញ និងធ្វើការបានប្រាក់ទាបជាងកំរិតថ្លៃឈ្នួលអប្បរមា។
ចាវបាននិយាយថាលោករស់នៅក្នុងទីប្រជុំជនហាហ្វមូនបេ ជាមួយប្រពន្ធ រីឯកូនរស់នៅចិន។លោកបានមកដល់អាម៉េរិកកាលពី១១ឆ្នាំមុននិងកាន់កាតបៃតង(green card)ជាឯកសារដែលអនុញ្ញាតអោយជនបរទេសរស់នៅនិងធ្វើការនៅក្នុងសហរដ្ឋអាម៉េរិក។
លោកវ៉ាង ប្រឈមការកាត់ទោសប្រហារជីវិត បើសិនជាត្រូវតុលាការរកឃើញទោសកំហុសនិងផ្តន្ទាទោស
សូមបញ្ជាក់ថា ការបាញ់ប្រហារនៅហាហ្វមូនបេ កើតឡើងពីរថ្ងៃក្រោយការបាញ់សម្លាប់មនុស្សយ៉ាងកំរោលមួយទៀតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដដែល ។ជនល្មើសជាបុរសវ័យចាស់អាស៊ី បានបាញ់សម្លាប់មនុស្ស១១នាក់ក្នុងក្លិបរាំមួយក្នុងទីក្រុង ម៉ុនធឺរ៉េ ផាក។
ហូ កាន់ ត្រាន់(Huu Can Tran)ជនជាតិអាម៉េរិកដើមកំណើតវៀតណាម និងធ្លាប់រស់នៅហុងកុង បានបាញ់សម្លាប់ខ្លួនឯងក្រោយបានប្រព្រឹត្តឃាតកម្មចំពេលប៉ូលីសឡោមព័ទ្ធចាប់។សារព័ត៌មានបាននិយាយថា ជនល្មើសជាប់បំរាមមិនអោយចូលរាំក្នុងក្លិប ហើយការបាញ់ប្រហារប្រហែលកើតចេញពីការច្រណែន៕